ខេត្តកំពង់ចាម ៖ ក្មេងប្រុស ស្រី ចំនួន០៣នាក់ ត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់ ខណៈនាំគ្នាទៅរាវខ្ចៅ ហេតុការណ៍នេះបានកើត មានឡើងកាលពីវេលាម៉ោង ២និង៤០នាទី រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចកោះតាកែ ស្ថិតនៅក្នុងភូមិព្រែករលួស ឃុំ ព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវលង់ទឹកស្លាប់នោះរួមមាន ទី១.ឈ្មោះ សាយ ម៉េងលី ភេទប្រុស អាយុ១០ឆ្នាំ
ទី២.ឈ្មោះ ទ្រី គឹមធាង ភេទស្រី អាយុ១៣ឆ្នាំ
និងទី៣.ឈ្មោះ ទ្រី គឹមសៀក ភេទស្រី អាយុ១០ឆ្នាំ ។ ជនរងគ្រោះទាំង៣នាក់ មានទីលំនៅភូមិព្រែករលួស ឃុំព្រែកបាក ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ចំពោះមូលហេតុគឺក្មេងទាំង០៣នាក់ បាននាំគ្នាទៅរាវខ្មៅ ហើយក៏បណ្តាលឲ្យលង់ទឹកស្លាប់តែម្តង។
សូមបញ្ជាក់ថា រហូតដល់ម៉ោង៥ ល្ងាច ថ្ងៃម្សិលមិញនេះ សាកសពក្មេងត្រូវបានរកឃើញ ចំនួន០២នាក់ ដោយឡែកក្មេងម្នាក់ទៀត ឈ្មោះ ទ្រី គឹមធាង រកមិនទាន់ឃើញទេ ដោយកម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋកំពុងបន្តរកនៅឡើយ ៕