ខេត្តព្រះសីហនុ ៖ កាលពីម៉ោង ៩ និង ៣៥នាទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨១-១៨២ ស្ថិតភូមិសំរុងកណ្តាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បុរសអ្នកជិះម៉ូតូ២នាក់បានស្លាប់យ៉ាងអណោចអធម ក្រោយម៉ូតូជនរងគ្រោះត្រូវរថយន្តបុកពេញទំហឹង ។
 មុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាក TOYOTA HIACE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-2340 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ  ទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ មកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកពេញទំហឹងជាមួយម៉ូតូម៉ាក NEX ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរបញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះ លី រ៉ៃមាន ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរកម្មករ រួមដំណើរដោយឈ្មោះ នី រ៉ៃមាន ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរកម្មករ អ្នកទាំង២រស់នៅភូមិដូនលូយ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឲ្យស្លាប់ទាំង២នាក់តែម្តង ចំណែកតៃកុងរថយន្តបង្កបានបិតសាប៊ូគូទរត់បាត់៕




