ខេត្តស្វាយរៀង ៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមម្នាក់មកសួរនាំរួមនិងត្រាក់ទ័រមួយគ្រឿង ក្រោយពីសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងទឹកត្រពាំងមួយកន្លែងដោយខ្លួនប្រាណសាកសពមានស្នាមបែកលលាដ៍ក្បាលនិងបាក់ថ្គាមទាំងសងខាងដោយសារត្រាក់ទ័របើកកិន ។ ការប្រទះឃើញសាកសពនិងឃាត់ខ្លួនជាតិវៀតណាមបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើកម្លាំង សមត្ថកិច្ចបានដឹកនាំមន្ត្រីជំនាញសហការជាមួយសមត្ថកិច្ចនគរបាលស្រុកស្វាយទាបនិងក្រុមគ្រូពេទ្យ ដោយមានការសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងបាន ចុះពិនិត្យដល់កន្លែងកើតហេតុពិនិត្យឃើញថា សាកសពដែលស្លាប់គឺមានឈ្មោះ ផៃ ផាត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើស្រែ មានទីលំនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចបានបញ្ជាក់ថា ផ្អែកតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញខេត្ត និងគ្រូពេទ្យកោសល្យវិច្ឆ័យឃើញថា នៅលើខ្លួនប្រាណសាកសពមានស្នាមបែកលលាដ៍ក្បាលនិងបាក់ថ្គាមទាំងសងខាង។
ហើយ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញខេត្តនិងគ្រូពេទ្យកោសល្យវិច្ឆ័យ បញ្ជាក់ថា សាកសពអាចស្លាប់ដោយសារអ្នកបើកត្រាក់ទ័រភ្ជួរដីកិន ខណៈពេលដែលជនរងគ្រោះកំពុងធ្វើម្លុងនៅមាត់ត្រពាំង។
បច្ចុប្បន្ន សមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវរកឈ្មោះ ង្វៀង ជីតាំ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិតាំងចូវ ឃុំតាំងងរ ស្រុកតាំងចូវ ខេត្តតៃនិញ ប្រទេសវៀតណាម ដែលជាអ្នកបើកត្រាក់ទ័រភ្ជួរដីនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នោះដើម្បីសាកសួរ តែឈ្មោះង្វៀង ជីតាំ បានរត់គេចខ្លួនបាត់។រហូតដល់ម៉ោង៥និង០០នាទីថ្ងៃទី៩ខែធ្នូនេះទើបសមត្ថកិច្ចយើងស្រាវជ្រាវរកឃើញឈ្មោះង្វៀង ជីតាំ ហើយបាននាំខ្លួនយកមកសាកសួរ។នៅចំពោះមុខសមត្ថកិច្ចឈ្មោះង្វៀង ជីតាំ បានឆ្លើយសារភាពថានៅពេលខ្លួនថយត្រាក់ទ័រចូលទៅក្នុងបឹងដើម្បីភ្ជួរដីមាត់បឹងនោះមិនបានឃើញមនុស្សទេ ពេលបើកត្រាក់ទ័រឡើងវិញ ទើបឃើញមនុស្សត្រូវត្រាក់ទ័រកិនស្លាប់ទៅហើយ៕