កំពង់ធំ៖ យោងលើការរៀបចំសណ្តាប់ធ្នាប់របស់រដ្ឋបាលក្រុងស្ទឹងសែនក្នុងរយៈជិតពីរសប្តាហ៍ កន្លងមកដែលក្រោមការចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ចុះត្រួតពិនិត្យមើលការ សំណូមពររបស់អាជីវករដែលធ្វើការស្នើរសុំទៅកាន់រដ្ឋបាលក្រុងស្ទឹងសែន ព្រមទាំងធ្វើការត្រួតពិនិត្យវាយតម្លៃកិច្ចការរៀបចំសណ្តាប់ធ្នាប់របស់ក្រុមការងារក្រុង ដែលមានកម្លាំងសហការរបស់ គណៈបញ្ជាការរបស់រដ្ឋបាលខេត្តកំពង់ធំ។
ជាមួយគ្នានេះលោក ម៉ាក់ ប៊ុនហុង បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររដ្ឋបាលក្រុង និងកម្លាំងគណបញ្ជាការឯកភាពខេត្ត ដែលបានធ្វើការងារប្រកបដោយភាពយកចិត្តទុកដាក់បំផុត បើទោះបីជាមានអាជីវករមួយចំនួនមិនសូវធ្វើការសហការក្នុងពេលកន្លងមកក៏ដោយ។ ប៉ុន្តែការងាររៀបចំសណ្តាប់ធ្នាប់នេះនៅតែអាចអនុវត្តប្រកបដោយភាពរលូន និងមានប្រសិទ្ធភាពដ៏ដែល។ ក្នុងនោះលោកអភិបាលក្រុងបានទទួលនូវការសំណូមពររបស់អាជីវករសុំដាក់ឆ័ត្របាំងកំដៅការពារការខូចខាតទំនិញ និងសម្ភារៈ របស់អាជីវករក្នុងពេលត្រូវកំដៅខ្លាំង តែការទទួលយកនេះ ត្រូវមានលក្ខណៈនៃការតាំងលក់ទំនិញ និងឆ័ត្រពិតប្រាកដមួយ ច្បាស់លាស់មិនអនុញ្ញាត្តិក្នុងករណីរំលោភលើដីចំណីផ្លូវ និងប្រព័ន្ធសាធារណៈនោះឡើយ ជាពិសេសអាជីវករទាំងអស់ត្រូវជួយថែរក្សាប្រព័ន្ធលូសាធារណៈ ដែលស្ថិតនៅមុខតូបលក់ដូររបស់ខ្លួន។
លោកអភិបាលក្រុងសុំណូមពរឲ្យអាជីវករទាំងអស់អញ្ជើញចូលរួមប្រជុំ ស្តីអំពីគោលការណ៍សំណូមពររបស់អាជីវករខ្លួនឯង នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៨ និងសូន្យនាទី ព្រឹក នៅសាលាសង្កាត់កំពង់ធំកុំបីខាន។
អភិបាលក្រុងស្ទឹងសែន ចុះពិនិត្យមើល សំណូមពរអាជីវករ និងត្រួតពិនិត្យ កិច្ចការងារ រៀបចំសណ្តាប់ធ្នាប់ ជុំវិញផ្សារកំពង់ធំ
Filed in: សន្តិសុខ សង្គម