ខេត្តបន្ទាយមានជ័យ ៖ យោងតាមបណ្តាញពត័មានក្នុងស្រុកបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ លោក ហុង សំចិត្រ អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាអតីតអនុប្រធានប្រតិបត្តិស្រុកមង្គលបូរី របស់គណបក្រសង្គ្រោះជាតិ ដែលត្រូវតុលាការបានចេញដីកាបង្គាប់ឲ្យនាំខ្លួនពីបទរួមគំនិតក្បត់ បានចូលមកសារភាពកំហុស របស់ខ្លួនចំពោះមុខសមត្ថកិច្ច នៅស្នងការដ្ឋាននគរខេត្តបន្ទាយមានជ័យ។
ក្រោយចូលសារភាពហើយ លោក ហុង សំចិត្រ បានថ្លែងប្រាប់សមត្ថកិច្ចថា ក្រោយពីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយហើយនោះ លោកបានទទួលបញ្ជាពីថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ឲ្យធ្វើការជួបជុំគ្នា ឲ្យបានញឹកញាប់ ដូចជានៅតាមកម្មវិធីបុណ្យ កម្មវិធីហូបនំបញ្ចុក និងកម្មវិធីផ្សេងទៀត ដែលអាចជួបជុំគ្នាបាន។
លោកបានបន្តទៀតថា កន្លងមកលោកបានទទួលផែនការពីលោក សម រង្សី ឲ្យលោកជួយបំផុសប្រជាពលរដ្ឋ ដើម្បីទៅទទួលលោក ដែលនឹងត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ហើយក្រោយមក លោកយល់ឃើញថា ការដែលអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បំផុសប្រជាពលរដ្ឋឲ្យក្រោកឈរ និងអំពាវនាវឲ្យកងទ័ពបែរកាណុងប្រឈមជាមួយរាជរដ្ឋាភិបាល និងការប្រមាថព្រះមហាក្សត្រជាដើម ទង្វើទាំងអស់នេះ គឺជាទង្វើក្បត់ជាតិ ដូច្នេះលោក
មើលឃើញថា អ្វីដែលលោកបានដើរតាមអតីតគណបក្សនេះកន្លងមក គឺជាទង្វើខុស ដូច្នេះទើបលោកសម្រេចចិត្តចូលមកសារភាពនៅចំពោះមុខសមត្ថកិច្ចអាជ្ញាធរតែម្តង។
ជាមួយគ្នានោះលោក ហុង សំចិត្រ បានធ្វើការថ្កោលទោសចំពោះទង្វើទាំងអស់ដែលទណ្ឌិត សម រង្ស៊ី បានធ្វើ ដូចជាការយកប្រជាពលរដ្ឋ យកទាហានឲ្យបែរកាណុងដាក់រាជរដ្ឋាភិបាល និងអំពាវនាវឲ្យប្រជាពលរដ្ឋក្រោកឈរ ប្រឆាំងជាមួយរាជរដ្ឋាភិបាល និងការប្រមាថចំពោះព្រះមហាក្សត្រជាដើម ជាទង្វើក្បត់ជាតិ លោកមិនគាំទ្រជាដាច់ខាត និងបានអំពាវនាវដល់ប្រជាពលរដ្ឋ និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិទាំងអស់ ដែលបានជ្រុលខ្លួនដើរផ្លូវខុស បែរមករករាជរដ្ឋាភិបាលវិញ ហើយជួយស្ដារ និងអភិវឌ្ឍប្រទេស ជួយក៏សាង ជួយការពារសន្តិភាពនៅក្នុងប្រទេសកម្ពុជាតទៅមុខទៀត៕