រាជធានីភ្នំពេញ ៖ លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កិច្ចប្រជុំដើម្បីផ្សព្វផ្សាយនូវសភាពការណ៍ថ្មី ពាក់ព័ន្ធស្ថានភាពសណ្តាប់ធ្នាប់សន្តិសុខ សង្គមកម្ពុជា ជាពិសេសពង្រឹងសមត្ថភាពកងកម្លាំងនគរបាល ឲ្យយកចិត្តទុកដាក់ ក្នុងការធានាសន្តិសុខសង្គម ។
អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាឲ្យកងកម្លាំងគ្រប់លំដាប់ថ្នាក់ ការពារសន្តិសុខ សុវត្ថិភាព នាថ្ងៃបុណ្យភ្ជុំបិណ្ឌ ក្នុងគ្រាដែលក្រុមឧទ្ទាមក្រៅច្បាប់រៀបចំគម្រោងប្រមូលផ្តុំគ្នា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។
លោកបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ខណៈសភាពការណ៍ថ្មីៗនេះ គឺមានចលនាក្រុម ឧទ្ទាមក្រៅច្បាប់មានចេតនាប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ដូច្នេះយើងត្រូវតែមាន វិធានការការពារជារឿងធម្មតា ។ ទន្ទឹមនោះការពង្រឹងសមត្ថភាពក្នុងការការពារសុវត្ថិភាព បុណ្យភ្ជុំបិណ្ឌ និងការពង្រឹងសន្តិសុខជារួមមិនអនុញ្ញាតឲ្យកម្លាំងអមិត្ត ឬពួកឧទ្ទាមណា មកបំផ្លិចបំផ្លាញសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់របស់ជាតិដែលយើងកំពុងមាននោះឡើយ ៕