រាជធានីភ្នំពេញ ៖ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែអនុវត្តច្បាប់យ៉ាងដាច់ខាត ចំពោះសកម្មភាពប្រមូលផ្ដុំ មហាជនគ្រប់រូបភាព ជ្រកក្រោមស្លាកគណបក្សនយោបាយណា ដែលត្រូវតុលាការ កំពូលរំលាយចោល ។ នេះជាការថ្លែងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីបើកវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៣ ។
សម្ដេច ស ខេង ថ្លែងថា សមត្ថកិច្ចត្រូវតែអនុវត្តជាដាច់ខាត ដើម្បីរក្សាសុខសន្ដិភាព និងស្ថេរភាពនយោបាយ ឲ្យស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលប្រទេសកម្ពុជា បាននិងកំពុងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួន។
សម្តេចបញ្ជាក់បន្ថែមថា សុំកុំនាំគ្នាធ្វើសកម្មភាពខុសច្បាប់ ដើម្បីប៉ុនប៉ងប្រមូលផ្ដុំកម្លាំងមហាជន ផ្ដួលរំលំរដ្ឋាភិបាល ព្រោះវាអត់ត្រឹមត្រូវនោះទេ វាមិនមែនជាសិទ្ធិ ស្របតាមច្បាប់ជាធរមានទេ គឺគាត់មានបំណងមួយដើម្បីបំផ្លាញ សុខសន្ដិភាព ស្ថេរភាព គឺជាកត្តាកំណត់ ប៉ុន្ដែលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស យើងនៅតែពង្រឹង អ្នកធ្វើខុសច្បាប់ ត្រូវអនុវត្តច្បាប់៕