ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋប្រមាណ១១៨គ្រួសារ រស់នៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កែនគ្នាមកតវ៉ា លើក្បាលដីលេខ៨០០ និង៨០១ ដែលជាលេខក្បាលដីកម្មសិទ្ធិឯកជន ក្រោយពីម្ចាស់ដីបានធ្វើការសុំច្បាប់ និងឈូសឆាយលើផ្ទៃដីកម្មសិទ្ធិរបស់ខ្លួន ដើម្បីធ្វើការបង្កបង្កើនផល ដំណាំកសិកម្ម កាលពីដើមឆ្នាំ២០១៩ កន្លងទៅនេះ។
ប្រជាពលរដ្ឋប្រមាណ១១៨គ្រួសារ មកពីភូមិចំនួន៣ គឺភូមិប្រឡាយ ភូមិអន្លង់ព្រីង និងភូមិកំព្រាល ស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ប្រមូលផ្តុំគ្នាជាក្រុម សុំទាមទារដីចេញពីក្នុងប្លង់កម្មសិទ្ធិរបស់លោក សូត្រ សុមុន្នី និងប្លងផ្សេងទៀត នៅលើក្បាលដីលេខ ៨០០ និងក្បាលដីលេខ៨០១ ដែលដីនេះត្រូវបានក្រុមនិសិត្សស្ម័គ្រចិត្តរបស់សម្តេចតេជោវាស់វែងជូនលោក សេង សុមុន្នី ក្នុងអំឡុងឆ្នាំ២០១៣កន្លងទៅ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់បានប្រមូលផ្តុំកែនគ្នាមកតវ៉ាពេលនេះ ក៏ព្រោះចង់បានដីទុកសម្រាប់ធ្វើស្រែចំការ ខណៈដែលពលរដ្ឋខ្លះធ្លាប់ធ្វើស្រូវ និងដាំដំណាំលើដីនេះ។ ពលរដ្ឋខ្លះទៀតបានអះអាងថា ពួកគាត់បានកាន់កាប់ដីនេះតាំងពីឆ្នាំ១៩៨១មកម្លេះ តែមិនមានឯកសារបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានណា ឬបង្កាន់ដៃជូនពួកគាត់ឡើយ។ ហើយនៅពេលដែលក្រុមនិស្សិតចុះវាស់វែងដីតំបន់នោះជូនប្រជាពលរដ្ឋ ក្នុងប្លង់ដីនេះ ពួកគាត់មិនដាក់ពាក្យស្នើរសុំទៅអាជ្ញាធរដើម្បីឲ្យនិសិត្សធ្វើការវាស់វែងជូនពួកគាត់ តែមុនវាស់វែងនោះ គឺមានដំណឹងថាមានការទិញលក់ដែរ។
ក្នុងនោះដែរ លោក សូត្រ សុមុន្នី ជាអ្នកកាន់ប្លង់ដីលេខ៨០០ បានប្រាប់អោយដឹងថា ដីនេះលោកបានប្រមូលទិញពីប្រជាពលរដ្ឋ តាំងពីឆ្នាំ២០០៤និងឆ្នាំ២០០៥ ហើយកាយជាប្រឡាយ ដើម្បីបញ្ជាក់អំពីព្រំដី របស់ខ្លួន លុះមកដល់ចុងឆ្នាំ២០១២និងដើមឆ្នាំ២០១៣ ក្រុមយុវជនសម្តេចតេជោ គឺក្រុមនិស្សិតបានចុះវាស់វែង អោយរូបលោកដែលមានផ្ទៃដីសរុប ៣៩១ហិតា ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិពពក ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។
លោកបានបញ្ជាក់បន្ថែមទៀតថា ក្នុងចំណោមផ្ទៃដីសរុប ៣៩១ហិចតា គឺរូបលោកបានចូលលុយគ្នា៧នាក់ និងបានចែកជាកម្មសិទ្ធរៀងៗខ្លួន ចំណែកដីរបស់លោកសព្វថ្ងៃមានត្រឹម១៨០ហិកតា មានប័ណ្ណសម្គាល់ក្បាលដីប្លង់កម្មសិទ្ធលេខ៨០០ វាស់ដោយក្រុមនិស្សិត ដើមឆ្នាំ២០១៣ លើផ្ទៃដីទំហំ៩០០មX២០០០ម៉ែត្រ ដែលមានព្រំប្រទល់ ខាងត្បូង ទល់និងក្បាល់ដីលេខ៨០១ ឈ្មោះ ហ៊ុយ ងីម ខាងជើងទល់នឹងឈ្មោះ អាត ខាងលិចទល់ដី ភូមិពពក និងខាងកើតទល់ផ្លូវចាស់។ ហើយនៅក្នុងផ្ទៃដី១៨០ហិចតា បច្ចប្បន្នលោកបានសុំច្បាប់ខេត្ត ធ្វើការឈូសឆាយ សម្អាតដី សាបព្រោះស្រូវ ទើបតែបានចំនួន៥០ហិចតាប៉ុណ្ណោះ។
ពាក់ព័ន្ធករណីនេះដែរ លោក កែវ នន មេឃុំពពក បានបញ្ជាក់ប្រាប់យ៉ាងច្បាស់ថា បន្ទាប់ពីលោកបានជាប់ជាមេឃុំពពក នៅឆ្នាំ២០១២កន្លងមកនេះ មិនដែលឃើញប្រជាពលរដ្ឋខាងលើនេះទៅដាក់ពាក្យស្នើសុំកាន់កាប់ ឬបង្កបង្កើតផលឡើយ ព្រោះពលរដ្ឋទាំងនេះមិនមែនរស់នៅក្នុងឃុំពពកឡើយ គឺពួកគាត់រស់នៅក្នុងប្រឡាយ។ កាលពីជំនាន់ក្រុមនិស្សិត ចុះវាស់វែងក៏មិនដែលឃើញពួកគាត់ទៅដាក់ពាក្យសុំវាស់វែងជាប្លង់កម្មសិទ្ធិនៅលើទីតាំងនេះដែ។ តែនៅលើទីតាំងផ្សេងទៀតនៅក្នុងឃុំរបស់លោកមានការដាក់ពាក្យសុំធ្វើការវាស់វែង និងបានចេញ ជាប្លង់កម្មសិទ្ធិរួចអស់ទៅហើយ។
លោកមេឃុំបានបន្តថា ក្នុងដើមឆ្នាំ២០១៩ លោក សូត្រ សុមុន្នី បានដាក់ពាក្យស្នើរសុំឈូសឆាយដី ដើម្បីបង្ករបង្កើនផល ស្រាប់តែមានប្រជាពលរដ្ឋប្រមាណជិត ១២០ គ្រួសារខាងលើនេះ កែនគ្នានិងឃាត់គ្រឿងចក្រមិនឲ្យដំណើរការ ហើយរូបលោកជាអាជ្ញាធរមូលដ្ឋានក៏ចង់ជួយដល់ប្រជាពលរដ្ឋដែរ តែមិនដឹងថាគួរដោះស្រាយបែបណានោះទេ ព្រោះពីដំបូងចំនួនគ្រួសារដែលមកតវ៉ាមានប្រហែល២០គ្រួសារ ហើយរូបលោកបានសុំឲ្យលោក សូត្រ សុមុន្នី ជួយសម្រួល តែលឺថាមានការសំរួលបែជាមានការកើនឡើងរហូតដល់ទៅជិត២០០គ្រួសារ ដែលធ្វើឲ្យម្ចាស់ដីមិនមានលទ្ធភាពដោះស្រាយជូននោះឡើយ ៕ ដោយ តេច ឆេង








