រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅតាមមហាវិថីឈ្នះ ឈ្នះ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ នារីជាកម្មការនីរោងចក្រម្នាក់ បានបាត់បង់គ្រឿងអលង្ការអស់ពីខ្លួនរលីង និងទូរស័ព្ទមួយគ្រឿងផងដែរ សរុបអស់រាប់រយដុល្លា ដោយសារបាញ់បោកក្រុមមុខសេះទម្លាក់យោង បានត្រឹមកាន់របស់កាឡៃទៅប្តឹងប៉ូលិសទាំងទឹកភ្នែកកួរឲ្យអាសូរ។
នារីរងគ្រោះចាញ់បោកពួកមុខសះទំលាក់យោងមានឈ្មោះ អ ច ន អាយុ២៩ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលជាមួយបងស្រី នៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល មានស្រុកកំណើតភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ សម្ភារៈបាត់បង់ ខ្សែកប្លាទីន១ខ្សែ ខ្សែជើង១ខ្សែ កងដៃ៣កង ចិញ្ចៀន២វង់ ទូរស័ព្ទ មួយគ្រឿង ។
ជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលកំពុងដើរចេញពីបន្ទប់ជួលឆ្ពោះទៅរោងចក្រ នៅមុខសាលាក្តីខ្មែរក្រហម លុះមកដល់មុខវត្តកំបូល តាមផ្លូវជាតិលេខ៤ ស្រាប់តែមានស្ត្រីសង្ស័យម្នាក់ ដើរមកសួរ មានរើសបានកញ្ចប់ថង់ក្រហមមានមាស អត់ ? ។នាងថា អត់ឃើញទេ។ ពេលនោះក៏មាន ម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះគ្នា២នាក់ ប្រុសម្នាក់ ស្រីម្នាក់ មកប្រាប់ថា កុំមាត់ចាំចែកគ្នា ពួកគេរើសបានហើយស្រាយមាត់ថង់ឲ្យមើលឃើញលោហៈក្រហមច្រាល ។
បន្ទាប់មក ក្រុមជនសង្ស័យមានគ្នា៤នាក់ ប្រុស២នាក់ ស្រី២នាក់ ម៉ូតូ៣គ្រឿង សេ១២៥ ចំនួន២គ្រឿង ម៉ាកវីវ៉ា មួយគ្រឿង ឌុបនាំនារីរងគ្រោះ ពីមុខវត្តកំបូល តាមមហាវិថីឈ្នះ ឈ្នះ ដល់ចំណុចស្ងាត់ ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ឈប់និយាយជជែកគ្នា។ ជនសង្ស័យ លាត លា ថង់ឲ្យមើលម្តងទៀត ឃើញលោហៈក្នុងថង់ ក្រហមច្រាល។ ជំនុំគ្នា ហើយជនសង្ស័យប្រគល់ថង់ក្រហម ឲ្យនាងកាន់ រួចធ្វើសកម្មភាព ដោះយកគ្រឿងអលង្ការអស់ពីខ្លួន និងទូរស័ព្ទមួយគ្រឿង រួចឲ្យនាង ឈររងចាំជាមួយម៉ូតូមួយគ្រឿង និងជនសង្ស័យប្រុសស្រី២នាក់ ។
ចំណែក២នាក់ទៀត ជិះម៉ូតូម្នាក់មួយគ្រឿងចេញទៅបាត់ ដោយប្រាប់ថា ពួកគេយកមាសទៅកាត់ដូរ សម្រាប់ចែកគ្នា លុះមួយសន្ទុះក្រោយមក ជនសង្ស័យ២នាក់ទៀត ជិះចេញទៅបាត់ដែរ ដោយប្រាប់ថា ទៅតាមមើល ។
នារីរងគ្រោះក្រោយពីដោះអស់គ្រឿងអលង្ការពីខ្លួន ជនសង្ស័យ៤នាក់ ទៅបាត់អស់ ឈររងចាំពួកគេ យកមាស លុយ មកចែកគ្នាយូរពេក ចាំបាត់ៗ ក៏សម្រេចលាស្រាយមាត់ថង់មើល ឃើញលោហៈ ក្រហមដដែលនឹកគិតថា ទាំង៤នាក់មិនមកវិញ ហើយទោះជា យកគ្រឿងអលង្ការបស់ខ្លួនទៅបាត់ ក៏បានខ្សែកមាសមួយខ្សែយ៉ាងធំ តែផ្ទុយទៅវិញ បន្ទាប់ពីអ្នកដំណើរឃើញ សាកសួរ និងបានឃើញខ្សែកនោះជាក្រឡៃទេ ទើបភ្ញាក់ខ្លួន ស្រែកទ្រហោរយំគួរឲ្យអាសូរ។ រឿងទំលាក់យោងមិនមែនជារឿងថ្មីទេ សូមបងប្អូននារីប្រុងប្រយត្ន័៕



