ខេត្តព្រះសីហនុ ៖កាលពីព្រឹកថ្ងៃទី២៦ មិថុនា ២០១៩ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ខេត្តព្រះសីហនុ សហការជាមួយនគរបាលជំនាញពីប្រទេសចិន ចាប់បញ្ជូនជនជាតិចិនចំនួន៦៣នាក់ ចេញពីខេត្តព្រះសីហនុប្រទេសកម្ពុជា ទៅកាន់ប្រទេសចិនតាមច្រកអាកាសយានដ្ឋានអន្តរជាតិកេងកងខេត្តព្រះសីហនុ។
លោក ឆាយ ប៊ុណ្ណា អនុប្រធានស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តព្រះសីហនុ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឲ្យដឹងថាជនជាតិចិនទាំង៦៣នាក់នេះមានប្រុស៥០នាក់ ស្រី១៣នាក់ មានពិរុទ្ធពាក់ព័ន្ធនឹងបទល្មើសឆបោកពីជនរងគ្រោះតាមប្រព័ន្ធទូរគមនាគមន៍។
លោកបញ្ជាក់បន្ថែមថា ក្រៅពីការបញ្ជូនចេញជនជាតិចិន៦៣នាក់នៅថ្ងៃនេះ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នគរបាលអន្តោប្រវេសន៍ក៍បានបញ្ជូនជនជាតិចិនដែលមានពិរុទ្ធភាពដូចគ្នាចំនួន ០៥នាក់ ប្រុស០៤នាក់ស្ត្រីម្នាក់ ចេញទៅប្រទេសចិនវិញផងដែរ ដែលសរុបរយៈពេល២ថ្ងៃនេះ មានជនជាតិចិនចំនួន៦៨នាក់ដែលបានបណ្តេញចេញតាមផ្លូវច្បាប់របស់ប្រទេសកម្ពុជា ៕