ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ភិក្ខុ ង៉ែត រ៉ាល់ ត្រូវបានតែងតាំងជាផ្លូវការ ជាព្រះចៅអធិការវត្តច្បារអំពៅច្បារអំពៅ ជំនួសអន្ទិត ហោ សុខុន ដែលត្រូវបានបញ្ចប់តួនាទីកាលពីថ្មីៗកន្លងមកនេះ។
ពិធីប្រកាសតែងតាំងព្រះចៅអធិការវត្តច្បារអំពៅថ្មីនេះបានធ្វើឡើងក្រោមអធិបតីភាព សម្ដេចសង្ឃនាយក សម្ដេច នន្ទ ង៉ែត និងមេគណៈរាជធានីភ្នំពេញ សម្ដេច ឃឹម សន មានការនិមន្ដ-ចូលរួមពីព្រះសង្ឃ តាជី យាយជី ពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនផងដែរ។
ដោយឡែកភិក្ខុ ហាស់ សុជាតិ ក៏បានតែងតាំងជា គ្រូសូត្រស្ដាំ និងភិក្ខុមួយអង្គទៀតជាគ្រូសូត្រឆ្វេង ព្រមទាំង៥អង្គផ្សេងទៀត តែងតាំងជាគណៈវិន័យ និងលេខា។
សូមរំលឹកថា ព្រះតេជគុណ ហោ សុខុន ត្រូវបានគណៈសង្ឃសម្រេចចាប់ផ្សឹកនៅយប់ថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០១៩ នេះនៅវត្តបុទុមវតី។ហើយការចាប់ផ្សឹកព្រះចៅអធិការវត្តខាងលើនេះបានធ្វើឡើងតាមសេចក្តីសម្រេចរបស់លោកទេសរដ្ឋមន្ត្រី ហឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនានិងហត្ថលេខាសម្តេចព្រះសង្ឃរាជ ទេព វង្ស និងសម្តេចសង្ឃនាយក នន្ទ ង៉ែត កាលពីនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមកនេះដែរ៕