ខេត្តសៀមរាប ៖ កិច្ចប្រជុំសមាជិកសភាស្រ្ដី នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ជាកិច្ចប្រជុំមួយដែលត្រូវបានរៀបចំធ្វើក្នុងកិច្ចប្រជុំសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ដែលធ្វើឡើងរយៈពេល៣ថ្ងៃនៅលើទឹកដីខេត្តសៀមរាប គឺចាប់ពីថ្ងៃទី១៤ ដល់ទី១៦ មករា ឆ្នាំ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ ដើម្បីការអភិវឌ្ឍ»។
សម្ដេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំនេះ កាលពីរសៀលថ្ងៃទី១៤ មករា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា ការលើកកម្ពស់សមភាពយេនឌ័រ បានរួមចំណែកឱ្យសម្រេចបាននូវសន្ដិភាព និងការអភិវឌ្ឍ ។ ថ្លែងចំពោះសមាជិកសភាស្រ្ដីមុនបើកកិច្ចប្រជុំ សម្ដេចមហាពញាចក្រី ហេង សំរិន បានលើកឡើងថា គេមិនអាចសម្រេចបាននូវសន្ដិភាព និង ការអភិវឌ្ឍប្រកបដោយចីរភាពបានទេ ប្រសិនបើគេមិនមានអភិក្រម បរិយាប័ន្ន និង ប្រសិទ្ធិភាព ដើម្បីលើកតម្កើងសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្ដី និងក្មេងស្រី ។ សម្ដេចបន្ថែមដោយយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ស្ដីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពគោលដៅទី៥ ដោយបង្ហាញថា វិសមភាពយេនឌ័របានបន្ដរារាំងស្រ្ដី និងក្មេងស្រី ក្នុងការទទួលសិទ្ធិជាមូលដ្ឋានរបស់ខ្លួន ជាមួយនឹងកាលានុវត្តន៍ភាពនានាដែលឆ្លើយតបនឹងសេចក្តីត្រូវការ និងដំណោះស្រាយសម្រាប់គុណប្រយោជន៍ដល់ស្រ្ដី នៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក និង នៅលើពិភពលោកទាំងមូល ។ ជាមួយគ្នានេះដែរ សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ថា ការផ្តល់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី គឺជាកត្ដាសំខាន់ក្នុងការជម្រុញការអភិវឌ្ឍប្រកបដោយចីរភាព និង បរិយាប័ន្ន។ សម្ដេចបានបន្ថែមថា ការវិនិយោគលើបញ្ហាសុខភាព ការអប់រំ ការបណ្ដុះបណ្តាលវិជ្ជាជីវៈ ការចូលរួមក្នុងវិស័យសេដ្ឋកិច្ច ការគ្រប់គ្រងចំណូល ការក្លាយជាម្ចាស់ធុរកិច្ចដោយខ្លួនឯង គឺជាការទទួលប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល មិនមែនតែស្រ្ដី និងក្មេងស្រីនោះទេ។
សូមរម្លឹកផងដែរថា កិច្ចប្រជុំសមាជិកសភាស្រ្ដី ដែលបានផ្តួចផ្តើមនិងប្រជុំជាលើកដំបូងនៅប្រទេសកាណាដា នាឆ្នាំ២០១៦ លើកទី២នៅប្រទេសហ្វីជី ក្នុងឆ្នាំ២០១៧ និងលើកទី៣ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០១៨ ហើយបានធ្វើវិសោធនកម្ម អនុម័តឲ្យកិច្ចប្រជុំសមាជិកសភាស្រ្ដីជាផ្លូវការរបស់ APPF ដូចគណៈកម្មការផ្សេងៗទៀត ។ កិច្ចប្រជុំនេះ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដែលផ្តោតការយកចិត្តទុកដាក់ខ្ពស់របស់ APPF លើការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្ដី និងក្មេងស្រី ដែលជាគោលការណ៍មួយឈានទៅសម្រេចការអភិវឌ្ឍប្រកបដោយចីរភាព ។
ផ្តល់កិច្ចសម្ភាសនោះដែរ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី(CWPC) បានបញ្ជាក់ថា កិច្ចប្រជុំសមាជិកសភាស្រ្ដីជាផ្លូវការរបស់ APPF គឺ ពង្រឹងភាពជាដៃគូក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ដើមី្បសមភាព យេនឌ័រ និង ការផ្តល់ភាពអង់អាចដល់ស្ត្រី និង កុមារី ដើមី្បសន្តិភាព និង ការអភិវឌ្ឍប្រកបដោយចីរភាព និង ធានាការផ្តល់ សមភាពរវាងស្ត្រី និង បុរស ក្នុងវិស័យអប់រំ វិជ្ជាជីវៈ បច្ចេក ទេស និង ព័ត៌មានវិទ្យា ដើមី្បសន្តិភាព និងសម្រេចបាននូវគោលដៅប្រកបដោយចីរភាព និងការលើកកម្ពស់សមភាពយេនឌ័រ និង ការផ្តល់ភាពអង់អាចដល់ស្ត្រី តាមរយៈការបង្កើនការចូលរួមរបស់ស្ត្រី ក្នុងការធ្វើសេចក្តីសម្រេចនៅគ្រប់កម្រិត ។ លោកជំទាវក៏បានឲ្យដឹងផងដែរថា ក្នុងកិច្ចប្រជុំនេះ កម្ពុជាយើងបានលើកនូវចំណុចសំខាន់ៗមួយចំនួន ត្រូវបានគ្រប់បណ្តា ប្រទេសជាសមាជិកនៃកិច្ចប្រជុំ បានធ្វើការគាំទ្រ និង កោតសរសើរផងដែរ ៕