អន្តរជាតិ ៖ សេតវិមានបានប្រកាសកាលពីថ្ងៃសុក្រថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នឹងមិនចូលរួមកិច្ចប្រជុំកំពូលក្នុងតំបន់ជាមួយសម្ព័ន្ធមិត្តអាស៊ីនៅក្នុងខែវិច្ឆិកាទេ ប៉ុន្តែលោកនឹងបញ្ជូនអនុប្រធានាធិបតី លោក Mike Pence ជំនួសវិញ។នេះបើយោងតាមប្រភពពីសារព័ត៌មាន Channelnewsasia ។
លោក Pence នឹងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីខាងកើត នៅខែវិច្ឆិកាខាងមុខនេះ។ សេតវិមានបាននិយាយថាលោកនឹងបន្តទៅប៉ាពួញូហ្គីណេសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ។
នៅក្នុងសេចក្ដីប្រកាសរបស់សេតវិមានបានបញ្ជាក់ថា លោក Mike Pence នឹងលើកយកបញ្ហាឥណ្ឌូ-ប៉ាស៊ីហ្វិក នីតិរដ្ឋ និងពាណិជ្ជកម្ម លក្ខណៈ សេរី យុត្តិធម៌ និងទៅវិញទៅមក។ សេតវិមាន មិនបានបញ្ជាក់ពីអវត្តមានរបស់លោក Trump នោះទេ។
គួរបញ្ជាក់ថា លោក Trump បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសហ្វីលីពីន និងកិច្ចប្រជុំកំពូល APEC នៅវៀតណាម កាលពីឆ្នាំ២០១៧៕