បាត់ដំបង ៖ បន្ទាប់ពីបានទទួលពត៏មានពីភ្នាក់ងារផ្តល់ព័ត៌មាន ភ្លាមៗនោះ កំលាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង បានចុះទៅដល់ចំណុចភូមិស៊ូភី២ សង្កាត់រតនៈ ក្រុង និងខេត្តបាត់ដំបងបាន ធ្វើការបង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយករណី ចាប់បានមនុស្សប្រុស និងស្រីចំនួន៤ នាក់ រួមទាំងវត្ថុតាងមួយចំនួនផងដែរ ។
ករណីបង្ក្រាបការដឹកជញ្ជូន រក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់នេះបានធ្វើឡើងកាលពីវេលាម៉ោង១៧ និង៣០នាទី នាថ្ងៃទី១០ ខែតុលា ។
ជនសង្ស័យទាំង ៤ នាក់នេះ មានឈ្មោះដូចខាងក្រោម ៖ ១-ដួង រីហ្វីន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសួភី២ សង្កាត់រតនះ ក្រុងបាត់ដំបង ២-ចាន់សុម៉ាឡា ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ៣-វ៉ាន់ សាវឿន ស្រី អាយុ២៦ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ៤- រឹទ្ធិ រាត្រី ភេទស្រី អាយុ២៣ឆ្នាំ រស់នៅ(ផ្ទះជួល)ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
វត្ថុតាងដែលរឹបអូសបានមានដូចជាថ្នាំញៀន ក្រាមពណ៌សរឹងថ្លា (ទឹកកក) ចំនួន០៧ (កញ្ចប់តូច) ដាវសាំម៉ូរ៉ៃចំនួន០២ដើម សម្ភារះវិចខ្ចប់ និងប្រដាប់ជក់ថ្នាំញៀនមួយចំនួនទៀត ៕