ខេត្តកំពង់ធំ ៖ លោកវរៈសេនីយ៍ត្រី ឃុន ប៊ុនហួរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍សហការជាមួយកង រាជអាវុធហត្ថខេត្តកំពង់ធំ ផ្នែកកំចាត់គ្រឿងញៀន បានចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ វន អុល អាយុ ២៩ឆ្នាំ ភេទប្រុស រស់នៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ពីបទចែកចាយគ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន ៧កញ្ចប់ ក្នុងនោះមានបីកញ្ចប់ធំ និងបួនកញ្ចប់តូច វេលាម៉ោង ១:០០នាទី ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៤ និងម្នាក់ទៀតឈ្មោះ ម៉ុត ធារ័ត្ន ភេទប្រុស អាយុ ២៥ឆ្នាំ ជាអ្នកប្រើប្រាស់រស់នៅភូមិវាលអំពិល ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឃាត់ខ្លួននៅម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៤ នៅថ្ងៃដដែល អ្នកទាំងពីរធ្លាប់មានទំនាក់ទំនងទិញលក់ជាមួយគ្នាជាយូរមកហើយ ។
មេបញ្ជាការវរៈសេនីយ៍ត្រី ឃុន ប៊ុនហួរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍ បានបញ្ជូនជនសង្ស័យទាំងពីរនាក់ទៅកាន់បញ្ចាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការសាលាដំបូងខេត្តកំពង់ធំ ចាត់ការទៅតាមផ្លូវច្បាប់ ៕
ដោយ ៖ តេច ឆេង