ខេត្តកំពង់ធំ ៖ ឈើគ្រញូងចំនួន ២១ដុំ ដែលបំរុងលោតឆ័ត្រយកទៅលក់នៅខេត្តកំពង់ចាម ត្រូវបានកងកងរាជអាវុធហត្ថ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ឃុន ប៊ុនហួរ សហការជាមួយ និងមេព្រៃសង្កាត់ បារាយណ៍ផ្នែកកំពង់ថ្ម ស្ទាក់ចាប់បាននៅតាមបណ្តោយផ្លូវជាតិលេខ ៦ នៅចំណុចរពាក់ពេន ឃុំទ្រាល ស្រុកបារាយណ៍ កាលពីព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៤ ។
តាមមន្ត្រីកងរាជអាវុធហត្ថស្រុកបារាយណ៍ បានឱ្យដឹងថា កម្លាំងអ.ហ ស្រុកបារាយណ៍ ដែលបានសហការ ជាមួយ និងមេព្រៃផ្នែកកំពង់ថ្ម បានស្ទាក់ចាប់បានរថយន្តកាមរីស៊េរីឆ្នាំ ៩១ កែច្នៃជារថយន្តទ្រុង ១គ្រឿង ពណ៌ឈាមជ្រូក ដែលមានបង្កប់ឈើគ្រញូងចំនួន ២១ដុំ មានទម្ងន់ស្មើនឹង ១៦៥គីឡូ ដែលមានម្ចាស់រថយន្ត និងជាអ្នកបើកបរឈ្មោះ សំ សុគ្រី ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ប្រភពខាងលើបានឱ្យដឹងទៀតថា រថយន្តកែច្នៃទ្រុងខាងលើ បានធ្វើដំណើរចេញពីខេត្តព្រះវិហារ ឆ្ពោះទៅ ខេត្តកំពង់ចាម ហើយឈើគ្រញូងត្រូវបានម្ចាស់រថយន្តកែដាក់បាតឡាន ចំណែកខាងលើ ដឹកមនុស្ស ឬអីវ៉ាន់ផ្សេងៗ សម្រាប់បំភ័ន្តភ្នែកសមត្ថកិច្ចជំនាញនៅតាមដងផ្លូវ ។
ឈើគ្រញូងដែលរឹបអូសបានត្រូវបានប្រគល់ទៅឱ្យមេព្រៃសង្កាត់បារាយណ៍រក្សាទុក រីឯម្ចាស់រថយន្ត និងរថយន្តកាមរីកែច្នៃ ត្រូវបានរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់ ។
ពួកឈ្មួញបានប្រើគ្រប់រូបភាពក្នុងការចរាចរណ៍ដឹកជញ្ជូនឈើគ្រញូងយកទៅលក់នៅវៀតណាម តែទោះបីជាយ៉ាងណាក៏មិនអាចជៀសផុតពីការតាមបង្ក្រាបរបស់សមត្ថកិច្ចជំនាញនោះដែរ ដូចករណីបង្ក្រាបឈើគ្រញូងខាងលើរបស់កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ ក្រោមការដឹកនាំបញ្ចារបស់ លោកវរៈសេនីយ៍ត្រី ឃុន ប៊ុនហួរ ជាដើម ៕
ដោយៈ តេច ឆេង