ក្រចេះ ៖ រថយន្តដឹកឈើប្រភេទកាមរីហើម បាឡែន និងលុចស៊ីស៣០០ ជាច្រើនគ្រឿងបានដឹកជញ្ចូនឈើប្រណីតចេញពីទឹកដីស្រុកសំបូររាល់យប់តាមដងផ្លូវជាតិលេខ៧៧៣ជួរមាត់ទន្លេរឆ្លងកាត់សង្កាត់និងផ្នែករដ្ឋបាលព្រៃឈើ ហើយការចរាចរឈើប្រណីតបែបអនាធិបតេយ្យនេះ បែជាមន្ត្រីជំនាញចងអង្រឹងអង្គុយចាំរាប់ក្បាលយកលុយទៅវីញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ការចរាចរដឹកជញ្ចូនរបស់ក្រុមឈ្មួញគឺក្នុងមួយយប់មិនក្រោម ពី១០ឡាននោះទេ ក្នុងសកម្មភាពនោះគេបានឃើញរថយន្តដឹកឈើជាច្រើនគ្រឿងម៉ាកបាឡែន បានបើកបន្តកន្ទុយគ្នាសម្រុកដឹកឈើប្រណីតចេញពីចំណុចដើមពោរធិ ស្ថិតក្នុងភូមិធំ ឃុំសណ្តាន់ ក្បែរសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ តែម្តង ហើយមេឈ្មួញត្រូវបានគេដឹងថាជាមន្ត្រីកងរាជអាវុធហត្ថខេត្តម្នាក់ ឈ្មោះ គុន្ឋា ។
សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើខាងលើនេះត្រូវបានពួកឈ្មួញធ្វើសកម្មភាពដឹកទូកទូចៗ ជាច្រើនដឹកតាមដងទន្លេរយកមកចែកចាយតាម គោលដៅចំនួនបីកន្លែងផ្សេងគ្នា ទី១គឺនៅក្នុងឃុំសំបូរ ទី២ក្នុងសណ្តាន់ក្បែរសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ និងទី៣ នៅជិតស្ពានកកុត ចំណុចព្រំប្រទល់ ឃុំសំបុក និងឃុំសណ្តាន់។
ការដឹកជញ្ជូនឈើប្រណិតទាំងនោះគឺស្ថិតក្រោមក្រសែភ្នែករបស់មន្ត្រីជំនាញ ពីព្រោះរថយន្តដឹកឈើ ទាំងនោះបានបើកឆ្លងកាត់ស្នាក់កាសង្កាត់រដ្ឋបាលព្រៃឈើចំនួនពីកន្លែង រនិងផ្នែករដ្ឋបាលព្រៃឈើក្រចេះ ហើយឈើប្រណីតទាំងនោះត្រូវពួកឈ្មួញដឹកយកទៅលក់ នៅស្រុកដំបែរ និងស្រុកមេមត់ ។
ក្រុមអ្នកឃ្លាំមើលមួយចំនួនបានលើកឡើងថាប្រសិនបើមន្ត្រីជំនាញនឹងមន្ត្រីដែលមានការពាក់ព័ន្ឋនៅតែបណ្តែតបណ្តោយឲ្យសកម្មភាពដឹកជញ្ជូនឈើនៅបន្តរ កើតមានជារៀងរាល់ថ្ងៃបែបនេះ វិនាសកម្មព្រៃឈើច្បាស់ហិនហោចជាមិនខាន ៕