រាជធានីភ្នំពេញ ៖ នារសៀលនេះ តុលាការរាជធានីភ្នំពេញ បានប្រកាសសវនាការ នឹងសម្រេចផ្តន្ទាទោសលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ដាក់ពន្ធនាគារ៧ឆ្នាំ តែមិនពិន័យជាប្រាក់ទេ ។
លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីឆ្នាំ២០១៥ បន្ទាប់ពីលោកបានបង្ហោះ នូវឯកសារមួយស្តីពីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម នៅលើទំព័រ Facebook របស់ លោក សម រង្ស៉ី ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថាជាឯកសារក្លែងក្លាយ ។ តុលាការបានចាត់ទុកថា ការបន្តបង្ហោះឯកសារក្លែងក្លាយបែបនោះថា គឺជាការប្រព្រឹត្តបទល្មើសជាក់ស្តែង ។
គួរបញ្ជាក់ថា លោក ហុង សុខហួរ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ត្រូវបានតុលាការចោទប្រកាន់ចំនួន៣បទល្មើស ក្នុងនោះមាន៖ បទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕