ខេត្តសៀមរាប៖ អាគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទបាគង – ខេត្តសៀមរាប ដែលមានបណ្តោយ ៣១,៥ម និង ទទឹង ១៥ម ធ្វើអំពីថ្ម ប្រកក្បឿង មាន៥បន្ទប់ សាលប្រជុំតូច ១ និងធំ១ បន្ទប់ទឹក ៦បន្ទប់ និង ផ្ទះប្រចាំការ ២ល្វែង ដែលបំពាក់ប្រព័ន្ធទឹក ភ្លើង និង សួន្យបន្លែ ដំណាំហូបផ្លែ និង ស្រះទឹក ដែលកសាងឡើងដោយក្រុមការងារ ថ្នាក់កណ្តាល នៃគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកប្រាសាទបាគង ក្នុងទឹកប្រាក់សរុប ១៨៨ពាន់៨២៩ដុល្លា ត្រូវបានកាត់ខ្សែបូរ បើក សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅចុងសប្តាហ៍ ព្រឹកថ្ងៃទី២៧ ខែ មីនា ឆ្នាំ ២០១៦ ក្រោមវត្តមានឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី ទៀ បាញ់ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាល នៃគណបក្សប្រជាជនកម្ពុជា និង ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធានក្រុមការងារ គណៈកម្មាធិការកណ្តាល ចុះជួយខេត្តសៀមរាប និងអញ្ជើញចូលរួមពី សំណាក់ មន្រ្តីជាន់ខ្ពស់ សមាជីកសមាជិកគណបក្សមកពីបណ្តាមន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ ភូមិចូលរួមផងដែរ ។
ក្នុងកិច្ចស្វាគមន៍របស់ឯឧ.បណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្ត និង ជាអភិបាលខេត្ត បានរាយការណ៍ អំពីការងារសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្ត ព្រមទាំងបញ្ជាក់ពីសមទ្ធិផលដែលបានបើកសម្ពោធដាក់ឲ្យ ប្រើប្រាស់នេះ គឺជាចំណងដៃឆ្នាំថ្មីខាងមុខ សម្រាប់សមាជិកសមាជិកានៃគណបក្សប្រជាជនស្រុកប្រាសាទបាគង ។
បន្ទាប់ពីសេចក្តីរាយការណ៍ពីការសាងសង់របស់លោកប្រធានគណៈកម្មាធិការគណបក្សប្រជាជនស្រុក ប្រាសាទ បាគង រួចមក ឯ.ឧ ទៀ បាញ់ បានមានប្រសាសន៍លើកឡើងថា៖ អគារស្នាក់ការគណបក្ស ដ៏ថ្មីស្រឡាង ប្រកបទៅដោយ គុណភាព និង សោភណ្ឌភាពនេះ ដែលជាចំណងដៃឆ្នាំថ្មី ហើយក៏ជាប្រវត្តិសាស្ត្រមួយសម្រាប់បងប្អូនប្រជាជនស្រុកប្រាសាទ បាគង ទាំងមូល ដែលទទួលបាននូវសមទ្ធិផលថ្មីមួយ របស់គណបក្សប្រជាជនកម្ពុជា ។
ក្នុងនោះដែរឯកឧត្តម ក៏បានពាំនាំនូវការនឹក រលឹក និង ការផ្តាំផ្ញើសួរសុខទុក្ខ ចំពោះសមាជិក នៃគណបក្សប្រជាជន កម្ពុជា ក៏ដូចប្រជាជនទូទាំងខេត្ត សៀមរាប ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។ ក្នុងនោះដែរឯ.ឧ ទៀ បាញ់ ក៏បានលើកឡើងពីគោលនយោបាយ និង មាគ៌ា ផែនការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា សំដៅបម្រើនូវផលប្រយោជន៍របស់ប្រជាជនកម្ពុជា សំខាន់នៅតាមបណ្តា មូលដ្ឋានជនបទ ក្នុងទិសដៅឆ្ពោះទៅរក ភាព ជោគជ័យនៅឆ្នាំខាងមុខ ។ ដើមី្បឲ្យមានទទួលបានជោគជ័យនោះ មន្ត្រី ក្រុមការងារ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅគ្រប់ មូលដ្ឋាន ត្រូវពង្រីក ពង្រឹងនូវស្មារតីសតិអារម្មណ៍របស់ សមាជិកខ្លួន ក្នុងការជម្រុញដល់ប្រជាជនឲ្យទៅធ្វើការ អត្តសញ្ញាណ ប័ណ្ណគំរូថ្មី ឲ្យបានគ្រប់ៗ ទាំងអ្នកទើបគ្រប់អាយុ និង អ្នកមានប័ណ្ណចាស់ហូសសុពលភាពជាដើម និង ជម្រុញឲ្យបងប្អូនបាន ទៅចុះឈ្មោះបោះឆ្នោត ពិនិត្យឈ្មោះ ក្នុងបញ្ជីបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅតាមសាលាឃុំ សង្កាត់ ។
មានប្រសាសន៍នោះដែរឯកឧត្តមក៏បានបញ្ជាក់ផងដែរ ពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដំឡើង ប្រាក់បៀវត្សមន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០១៨ ឲ្យដល់១លានរៀល ចំណុចទាំងនេះជាការពុះពារ របស់ គណបក្សប្រជាជន ក្នុងការគិតគួរអំពីជីវភាពរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ។
ឯកឧត្តមបានក្រើនរំលឹកផងដែរ ដល់សមាជិកសមាជិកាទាំងអស់ ក្នុងពេលបើកបរយានយន្ត ត្រូវតែ គោរពច្បាប់ចរា ចរណ៍ ដោយពាក់មួក និង ខែ្សក្រវ៉ាត់សុវត្ថិភាព ដើមី្បកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ពីព្រោះថា គ្រោះថ្នាក់ចរាចរណ៍ពុំមានថ្នាំពន្យាជីវិតឡើយ ៕