ខេត្តសៀមរាប៖ ប្រជាពលរដ្ឋពីរនាក់ប្តីប្រពន្ធ ! ឈ្មោះ តាំង អៀង អាយុ៤៣ឆ្នាំ ភរិយា ឈ្មោះ ជា មួយ បច្ចុប្បន្នស្នាក់នៅ ផ្ទះជួលស្ថិតក្នុង ភូមិមណ្ឌល ៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានលិខិតកាន់កាប់ដីធ្លីទំហំ ២០ម គុណនឹង ៣០ម ចេញដោយអាជ្ញាធរឃុំ ! ជា ភស្តុតាង នៅជាប់នឹងខ្លួន ទីតាំងដីនោះ ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានអង្គភាពមណ្ឌល៤ រឹបអូស យក បន្ទាប់ពី ពួកគាត់បានអនុញ្ញាតិ ឲ្យអង្គភាពមួយនេះ ! កសាងស្នាក់ការ ប្រើប្រាស់លើដីនោះជាបណ្តោះអាសន្ន ។
លិខិតជាប់នឹងខ្លួន ដែលពលរដ្ឋពីរនាក់ប្តីប្រពន្ធ កាន់ជាជាភស្តុតាងនោះ ត្រូវបានបញ្ជាក់ចេញពីលោក ហ៊ុយ ហួន ចៅសង្កាត់គោកចក ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលអះអាងថា ដីនោះ ជាដីរបស់ឯកឧត្តម សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប ត្រូវបានប្រគល់ឲ្យ ឯកឧត្តម ដុម ហាក់ នៅឆ្នាំ២០០៧ ហើយឯកឧត្តម ដុម ហាក់ បានប្រគល់ ដីមួយចំណែកនេះឲ្យទៅ ឈ្មោះ តាំង អៀង ក្នុងទំហំ ២០ម គុណនឹង ៣០ម ស្មើនឹង ៦០០ ម៉ែត្រក្រឡា លើទំហំផ្ទៃដីរួម ៦ ១២៨ ម៉ែត្រក្រឡា ។
លិខិតមួយច្បាប់ទៀត គឺជាលិខិតសំណើរ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បីសុំទីតាំងដីនោះមកវិញ ។ ក្នុងលិខិតនោះ ភាគីម្ចាស់ដី ( លោក តាំង អៀង ) ព្រមប្រគល់លុយចំនួន ៣៥០០ដុល្លា ជាតម្លៃសំណងអាគារស្នាក់ការ ដែលបានសាងសង់លើដីនោះ ។ ភាគីជាអ្នកទទួល គឺលោកវរសេនី៍ត្រី តាន់ ហ៊ុយហួត ដោយមានចុះហត្ថលេខា ( បានឃើញ និង ឯកភាព ) ដោយ លោកវរសេនីយ៍ឯក ប្រាក់ ហឿន អតីតនាយមណ្ឌល ៤ ។
លោក តាំង អៀង និងភរិយា ឈ្មោះ ជា មួយ បានឲ្យដឹងថា៖ ចាប់តាំងពីភាគីអង្គភាពមណ្ឌល បានព្រមព្រៀងទទួលយកលុយ ថ្លៃសំណងរុះរើ អាគារស្នាក់ការខាងលើ រហូតមកដល់ពេលនេះ មិនទាន់ប្រគល់ឲ្យពួកគាត់វិញឡើយ ! រីឯលុយថ្លៃ សំណងរុះរើ អាគារក៍យកអស់ដែរ ! មិនមានមន្រ្តីយោធាមួយណាចេញ មុខដោះស្រាយឲ្យពួកគាត់នោះឡើយ ។ កន្លងមកលឺដំណឹងថា នាយឧត្តមសេនីយ៍ មាស សុភា ចេញមុខដោះស្រាយ ! ប៉ុន្តែដំណឹងនេះបានរសាត់បាត់ទៅគ្មាន ស្រមោលរហូតមកដល់ពេលនេះ ។
ជុំវិញបញ្ហាខាងលើនេះ ឧត្តមសេនីយ៍ទោ កែវ មាស នាយសេនាធិការរង កងទ័ពជើងគោក និងជានាយការិយាល័យទី២ បានបកស្រាយតាមទូរស័ព្ទ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះថា៖ បើសិនជា តាំង អៀង និងប្រពន្ធគាត់ ចង់បានដី ស្នាក់ការអង្គភាព មណ្ឌល៤ សៀមរាប ខាងលើ ! ធ្វើលិខិតបញ្ជាក់ពីឯកឧត្តម ដុម ហាក់ ទើបអង្គភាពប្រគល់ឲ្យវិញ ។
ឯកឧត្តមបញ្ជាក់ថា៖ នាយឧត្តមសេនីយ៍ មាស សុភា រវល់កិច្ចការយោធាច្រើនពេក មិនទាន់មានពេលទំនេ ក្នុងការដោះស្រាយរឿងនេះឡើយ ៕ប៊ុនធឿន (សៀមរាប)