ខេត្តសៀមរាប៖ក្រោយពីការរៀបចំពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ នាព្រឹកថ្ងៃអាទិត្យ១៤កើត ខែមាឃ ឆ្នាំមមែ សប្តស័ក ពស ២៥៥៩ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ គស ២០១៦ នៅលានជល់ដំរី ខាងជើងប្រាសាទបាយ័ន ឧទ្យានប្រវត្តិសាស្ត្រអង្គរ បានបង្ហាញពីព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលបានដំណើរការដល់ឆ្នាំទី៤ របស់ ខ្លួនសម្រាប់ឆ្នាំវក អដ្ឋស័ក ព.ស២៥៦០ ដែលនឹងប្រព្រឹត្តធ្វើទៅ នៅថ្ងៃទី ១៣ ដល់ទី១៦ មេសា ឆ្នាំ២០១៦ ខាងមុខនេះ ។
ដំណើរការសាងសង់ភូមិនិមិ្មត មកដល់ថ្ងៃនេះ បានប្រមាណជា២០% ហើយ ដែលជាទីកន្លែងសម្រាប់ លេងកម្សាន្ត នូវរបាំ ល្បែង ប្រពៃណី ដែលមានការពាក់ព័ន្ធទៅនឹង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ នៅជំនាន់ដើម និង បច្ចុប្បន្នទាំងនៅតំបន់ទំនាប និងខ្ពង់រាប សំខាន់ទាក់ទងជីវភាពរបស់ប្រជាពលរដ្ឋ ដែលរស់ នៅខេត្តសៀមរាបតែម្តង ។
តាមការបញ្ជាក់ របស់ក្រុមជាងបានឲ្យដឹងថា៖ ការសាងសង់នេះបានដំណើរការ កើតរូបរាងជាបន្តបន្ទាប់ នឹងនៅធ្វើរោងដោលផ្សេងៗទៀត ព្រមទាំរៀបចំទីកន្លែងលេងល្បែងប្រជាប្រិ៍យ ដែលដូនតាខ្មែរយើងបាន បន្សល់ទុកតរៀងមក ក្នុងបំណងផ្តល់នូវចំណេះដឹង ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលបានចូលរួម ទស្សនាកម្សាន្តសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឲ្យបានយល់ពីស្ថានភាពភូមិសាស្ត្រ នៅតំបន់ឧទ្យានអង្គរ ដែលបានរំលេចឲ្យឃើញពីសម័យកាលមួយ ដែលខ្មែរ អាចកសាងប្រាង្គប្រាសាទដ៏ធំមហិមា រហូតបានក្លាយជាមរតកដ៏អស្ចារ្យ របស់មនុស្សជាតិលើពិភពលោក ក្នុងពេលបច្ចុប្បន្ននេះ។
សូមបញ្ជាក់ផងដែរថា៖ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលបានរៀបចំចំនួន៣លើកកន្លងមក ភូមិនិម្មិត គឺជាទីតាំងដ៏មានការទាក់ទាញមួយ ក្នុងចំណោម កម្មវិធីដ៏ល្អជាច្រើនទៀត នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រៅពីការដាក់តាំងនំអន្សមយក្ស ការរាំសង្វាក់ម៉ានីហ្សុន ដែលជាភាពជោគជ័យមួយរបស់កម្ពុជាយើង ។
ការប្រារព្ធអង្គរសង្រ្កាន្ត ដែលជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងគោលបំណងជួបជុំយុវជន និង មហាជន នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាមហាគ្រួសារខ្មែរតែមួយ និង ធ្វើឲ្យមានភាពរស់រវើក នៃសម្បត្តិបេតិកភណ្ឌអរូបិយរបស់ខ្មែរយើង បានផ្តល់ ឱកាសឲ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានធ្វើការស្វែងយល់ អំពីភាពរុងរឿង លី្បល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និង សាសនា នាសម័យមហានគរ មកដល់បច្ចុប្បន្ន និង បន្តថែរក្សាកេរ្តិ៍មរតឲ្យ បានគង់វង្ស និង បន្តពង្រីកកិត្យានុភាពជាតិ លើឆាកអន្តរជាតិផងដែរ ៕
ប៊ុនធឿន (សៀមរាប)