កាលពីថ្ងៃទី១០ខែមីនា តុលាការរដ្ឋសាវប៉ុឡូ របស់ប្រេស៊ីលបានចេញសេចក្តីសម្រេច ឃុំខ្លួនជាបណ្តោះអាសន្ន អតីតប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula Da Silva ដោយលោករងការចោទប្រកាន់ពាក់ព័ន្ធនិងការលាងលុយខ្មៅ លាក់បាំងទ្រព្យសម្បត្តិរបស់ខ្លួន និងធ្វើលិខិតស្នាមក្លេងក្លាយ។
តុលាការប្រេស៊ីលបញ្ចាក់ថា ការឃុំខ្លួនលោក Lula Da Silva គឺជាការចាំបាច់ ដោយសារតែអតីតប្រធានាធិបតីរូបនេះអាចឃោសនាក្រុមអ្នកគាំទ្រ រារាំងសកម្មភាពស្រាវជ្រាវ។
តុលាការក៏បានចោទប្រកាន់លោក ស៊ីលវ៉ា ដោយសារតែលោកបានបំពានច្បាប់សណ្តាប់ធ្នាប់សាធារណៈ អំពាវនាវដល់ប្រជាពលរដ្ឋ គាំទ្រខ្លួនធ្វើមហាបាតុកម្ម កាលពីថ្ងៃទី៤ខែមីនា កន្លងមក ក្រោយពេលប៉ូលិសបញ្ជូនរូបលោកទៅកាន់ទីស្នាក់ការដើម្បីសួរចម្លើយពាក់ព័ន្ធនឹងអំពើពុករលួយ នៅក្នុងក្រុមហ៊ុនប្រេងជាតិ Pertobras។
កាលពីថ្ងៃទី៤ខែមីនា ប៉ូលិសបានស្រាវជ្រាវឆែកឆេផ្ទះរបស់អតីតប្រធានាធិបតី ហើយបញ្ជូនរូបលោកទៅកាន់ស្នងការប៉ូលិសសួរចម្លើយ។ លោកឡូឡា ដាស៊ីលវ៉ា រងការចោទប្រកាន់ថាលោកបានទទួលបានសំណូករាប់លានដុល្លារពីកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន Petrobras ។ ប៉ុន្តែលោកបានច្រានចោលការចោទប្រកាន់ទាំងនោះ ដោយចាត់ទុកថា ជាការប៉ុនប៉ងបំផ្លាញកេរ្ត៍ឈ្មោះរបស់លោក៕