ខេត្តព្រះវិហ៊ារ៖ រយៈពេលជិត៨ឆ្នាំកន្លងមកហើយ ដែលកងវិស្វកកម្មតេជោ ហ៊ុនសែន សៀមរាប បានបំពេញប្រតិបត្តិការអភិវឌ្ឍន៍តំបន់ព្រំដែនកម្ពុជា-ថៃ ទទួលបានលទ្ធផលល្អប្រសើរតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់នៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះរួមមាននៅក្នុងដែនភូមិសាស្រ្តយោធភូមិភាគទី៤ ហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានពង្រីកបេសកកម្មរបស់ខ្លួន ទៅក្នុងដែនភូមិសាស្រ្តនៃយោធភូមិភាគទី៥ បន្តទៀត ។
នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង – នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានទី១ គណបញ្ជាការសមរភូមិព្រំដែនកម្ពុជា-ថៃ បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងឱកាសកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវចាក់ក្រាលកៅស៊ូ ( DBST ) ចម្ងាយ១២០០ម៉ែត្រ ចូលទៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ដែលស្ថិតនៅក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
នាយឧត្តមសេនីយ៍ គន់ គីម បានបង្ហាញនូវក្តីមោទនភាពចំពោះវិរភាពនៃកងវិស្វកកម្មតេជោ ហ៊ុនសែន សៀមរាប ដែលដឹកនាំបញ្ជាដោយផ្ទាល់ ដោយនាយឧត្តមសេនីយ៍ ខេង សុមេធ ជាមួយនឹងការបំពេញភារកិច្ចដ៏ថ្លៃថ្លានៅក្នុងតំបន់ព្រំដែន ដោយផ្តើមតាំងតែពីក្នុងស្ថានភាពនៃការកសាងហេដ្ឋារចនាសម័្ពន្ធបំរើឲ្យយុទ្ធសាស្រ្តការពារ និងឈានមកដល់កាលៈទេសៈនៃការអភិវឌ្ឍន៍តំបន់ព្រំដែន ស្របតាមចក្ខុវិស័យយូរអង្វែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។
បើតាមការបញ្ជាក់ឲ្យដឹងពីសំណាក់ ឧត្តមសេនីយ៍ទោ ដួង ច័ន្ទ មេបញ្ចាការកងពលតូចអន្តរាគមន៍លេខ៩ ផ្លូវចាក់ក្រាលកៅស៊ូចម្ងាយ ១ ២០០ម៉ែត្រ ចូលទៅកាន់ទីបញ្ជាការនោះ ត្រូវបាននាយឧត្តមសេនីយ ខេងសុមេធ កសាងឡើងក្រោមកិត្តិយសនៃការជួយឧបត្ថម្ភដ៏ថ្លៃថ្លា នៃសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដោយចំណាយថវិកាប្រមាណជា ១០ម៉ឺនដុល្លាសហរដ្ឋអាមេរិក ៕