សៀមរាប៖ ភោជនីយដ្ឋានកូរ៉េ យីហោ កាយ៉ា (KA YA KOREAN RESTAURANT) នៅជាន់លើ ត្រូវបាន អគ្គីភ័យឆាបឆេះបណ្ដាលឲ្យខូចខាត សម្ភារៈអស់មួយចំនួន ! ប៉ុន្តែមិនបង្កឲ្យមាន អ្នកណាម្នាក់រងរបួសទេ ឫគ្រោះថ្នាក់នោះឡើយ ។
ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង០១ និង៤៥នាទី ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៦ ស្ថិតនៅ ក្រុមទី១០ ភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប ។
តាមការបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ ហេតុការណ៍ខាងលើនេះបណ្ដាល មកពីកំទេចធូបផ្សាដែក ដែលក្រុមជាងមិនមានការប្រុងប្រយ័ត្ន ទើបធ្វើឲ្យកំទេចធូបដែលជាងបានផ្សានោះ ធ្លាក់មកចំពូក បង្កឲ្យមានជាអគ្គីភ័យនេះតែម្តង ។
ហេតុការណ៍ឆាបឆេះភោជនីយដ្ឋានកូរ៉េ ខាងលើនេះ ត្រូវបានរថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍ ចំនួន ០៤គ្រឿង ក្នុងនោះ រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន០២គ្រឿង និងរថយន្ត កងរាជ អាវុធហត្ថចំនួន០២គ្រឿង ដោយប្រើប្រាស់ទឹកដើម្បីបាញ់ពន្លត់អស់ចំនួន០២ រថយន្ត ទើបធ្វើឲ្យ អគ្គីភ័យខាងលើត្រូវបានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង០២ និង៤០នាទី ។
ប្រភពបានបញ្ជាក់ថា ៖ នៅពេលហេតុណ៍នោះកើតឡើងក្រុមជាងផ្សារដែកបានជួយពន្លត់ដែរ ប៉ុន្តែពន្លត់មិនឈ្នេះ ព្រោះភ្លើងបានឆាបឆេះខ្លាំងទៅហើយ ! ដោយឃើញសភាពបែបនោះ ក្រុមជាងបានដាក់មេប្រូចបាត់ស្រមោលតែម្តង ។
គួរបញ្ជាក់ផងដែរ ៖ ហេតុការណ៍នេះមានការជួយអន្តរាគមន៍របស់កងកម្លាំងនគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថ រួម ទាំងប្រជាពលរដ្ឋផងដែរ ទើបមិនបណ្ដាល អោយរាលដាលទៅដល់ទីតាំងផ្សេងៗទៀតបាន ៕ ប៊ុនធឿន (សៀមរាប)