ខេត្តកណ្តាល ៖ សាលាដំបូងខេត្តកណ្តាលនៅព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០១៦បានបើកសវនាការលើសំណុំរឿងលោកអាំងមាលតីអតីតប្រធានសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ ពាក់ព័ន្ធការដោះលែងមេខ្លោងជួញដូរគ្រឿងញៀន ឈ្មោះ ថាវ ថាវី ជាថ្នូរនឹងរថយន្តម៉ាកអូឌីមួយគ្រឿងតម្លៃជិត ១០ម៉ឺនដុល្លារ។
នៅព្រឹកនេះ លោក អាំង មាលតី ត្រូវបានបញ្ជូនពីពន្ធនាគារខេត្ត ទៅដល់សាលាដំបូងខេត្តកណ្តាលហើយ ខណដែលនៅខាងក្រៅបរិវេណសាលាដំបូង មានការរឹតបន្តឹងសន្តិសុខ ហាក់មិនចង់ឲ្យអ្នកព័ត៌មានផ្តិតយករូបភាពបាននោះឡើយ ។
សូមបញ្ជាក់ថាលោក អាំង មាលតី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន កាលពីថ្ងៃ ទី១៤ ខែសីហា ឆ្នាំ២០១៥ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ ដោះលែងជនជាប់ ចោទក្នុងសំណុំរឿងគ្រឿងញៀន ឈ្មោះ ថៅ ថាវី នៅក្រៅឃុំបណ្តោះអាសន្ន ជាមួយថ្នូររថយន្ត Audi មួយគ្រឿង។
លោក អាំង មាលតី ត្រូវបានដកចេញពីតំណែង កាលពីខែ កុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីជំនួយការរបស់លោកម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងផ្តន្ទទោសលើករណីជាច្រើនផងដែរ។
សវនាការជំនុំជម្រះទោសលោក អាំង មាលតី ដឹកនាំដោយអនុប្រធានសាលាដំបូងខេត្តកណ្ដាល លោក ងួន វុទ្ធី និង លោកព្រះរាជអាជ្ញារង ឯក សុនរស្មី។