ប្រទេសថៃនឹងរៀបចំការបោះឆ្នោតសាកលនៅឆ្នាំ២០១៧បើទោះបីជាសេចក្តីព្រាងរដ្ឋធម្មនុញ្ញមិនបានឆ្លងកាត់ការធ្វើប្រជាមតិឆ្នាំនេះក៏ដោយ។នេះបើយោងតាមការអះអាងរបស់នាយករដ្ឋមន្ត្រីប្រទេសនេះ ។
នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូឆា បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “មិនថាសេចក្តីព្រាងរដ្ឋធម្មនុញ្ញបានឆ្លងកាត់ការធ្វើប្រជាមតិឬក៏អត់នោះទេ រដ្ឋាភិបាលនឹងរៀបចំការបោះឆ្នោតក្នុងឆ្នាំ២០១៧ ផ្អែកតាមផែនទីបង្ហាញផ្លូវរបស់យើង”។ លោកបញ្ជាក់ថា សេចក្តីព្រាងរដ្ឋធម្មនុញ្ញចាំបាច់ត្រូវតែស្ថិតនៅនឹងកន្លែង មុនពេលការបោះឆ្នោតអាចធ្វើទៅបាន ដូច្នេះហើយការដែលរដ្ឋធម្មនុញ្ញទទួលបានការយល់ព្រមក្នុងការធ្វើប្រជាមតិគឺជាផ្នែកដ៏សំខាន់នៃ “ផែនទីបង្ហាញផ្លូវរបស់របបយោធាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ”។
តាមប្រភពព័ត៌មានថៃបានឲ្យដឹងថា គណៈកម្មាធិការមួយតែងតាំងឡើងដោយយោធាត្រូវគេរំពឹងថានឹងបង្ហាញនូវសេចក្តីព្រាងរដ្ឋធម្មនុញ្ញនៅថ្ងៃសុក្រខាងមុខនេះ៕