ខេត្តសៀមរាប៖នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៥ ខែ មករា ឆ្នាំ២០១៦ ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន បានបើ់កកិច្ចប្រជុំកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៥ និង ទិសដៅអនុវត្តបន្ត ដើមី្បត្រួតពិនិត្យ និង គាំទ្រ ការអនុវត្តកម្មវិធីនយោបាយ ក្នុងការកំណែទម្រង់ស៊ីជម្រៅ សម្រេចឲ្យបាននូវគោលដៅជាយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយចក្ខុវិស័យ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ។ ពិធីនេះប្រព្រិត្តទៅក្រោមការអញ្ជើញជាអធិបតីភាពរបស់ ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប ។
មានប្រសាសន៍បើកកិច្ចប្រជុំនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់ អំពីគោលបំណង នៃកិច្ចប្រជុំជូនដល់សមាជិកសមាជិកាអង្គប្រជុំទាំងមូល ដោយបានផ្តោតទៅលើការងារសំខាន់ៗមួយចំនួន ឆ្ពោះ ទៅ រកការបោះឆ្នោតក្រុមប្រឹក្សា ឃុំ ! សង្កាត់នៅឆ្នាំ២០១៧ ដើមី្បបន្តពង្រឹងនូវយន្តការនានា របស់រាជរដ្ឋា ភិបាលកម្ពុជា ក្នុងនីតិកាលទី៥នេះ ឲ្យធានាបាននូវកំណើនការងារ សមធម៌ និង ប្រសិទ្ធភាពពិតប្រាកដនៅកម្ពុជា ។
តាមសេចក្តីរាយការណ៍របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានឲ្យដឹងថា៖ ក្តីកង្វល់ជុំវិញបញ្ហាសេដ្ឋកិច្ច សង្គមកិច្ច ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន រដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របស់ប្រជាពលរដ្ឋដែលបានលើកឡើងមានចំនួន ៥០៦ករណី និង បានបកស្រាយសំណូមពរផ្ទាល់មាត់ បាន ៤០៧ករណី និង មិនទាន់បានដោះស្រាយ ៩៩ករណី ។
ក្នុងនោះប្រជាពលរដ្ឋបានផ្តោតទៅលើបញ្ហា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ សាលារៀន ទឹកស្អាត អគ្គិសនី ធនធានមនុស្ស គ្រូបង្រៀន និងវិវាទដីធ្លី សេវាសាធារណៈ និងពន្ធលើអចលនវត្ថុ ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងអំពីបញ្ហា ទំនាស់ដីធី្លរវាងប្រជាពលរដ្ឋនិងអាជ្ញាធរជាតិអប្សរា ក្នុងតំបន់បុរីវប្បធម៌ទេសចរណ៍ ទាំងដីដោះស្រាយ និង មិនទាន់ដោះស្រាយ ប្រាក់គោលនយោបាយ ដើមី្បដាក់ជូនអង្គប្រជុំក្រុមការងារត្រួតពិនិត្យ ពិចារណា សំខាន់លើការដោះស្រាយ បញ្ហាប្រឈម និង សំណូមពរនានារបស់ប្រជាពលរដ្ឋ ដែលទទួលបាន ពីវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ថ្នាក់ខេត្ត ក្រុង ស្រុក ដែលនៅសេសសល់មិនទាន់ដោះស្រាយ ដែលជាសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នថ្នាក់ជាតិ ។
មានប្រសាសន៍បូកសរុប បិទកិច្ចប្រជុំនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានលើកឡើង អំពីបញ្ហាប្រឈមកន្លង មកនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប គឺមានបញ្ហាប្រជាពលរដ្ឋជាមួយអាជ្ញាធរជាតិអប្សរា , ដែលជាបញ្ហាដ៏ក្តៅ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានថ្នាំងថ្នាក់ ចំពោះអាជ្ញាធរអប្សរា ដែលជាចំណោទយ៉ាង ខ្លាំងដែលធ្វើបាត់នូវប្រជាប្រិយ៍ភាព ក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាល ធ្វើឲ្យប្រជាពលរដ្ឋបាត់អស់នូវទំនុកចិត្ត ក្នុងការដឹកនាំ របស់អាជ្ញាធរមូលដ្ឋានរបស់ខ្លួន ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសន្យា ! បន្តធ្វើការដោះស្រាយនូវរាល់បញ្ហាករណីដែលសេសសល់ពីឆ្នាំ ចាស់ តាមរយៈក្នុងការធ្វើវេទិកាសាធារណៈនៅតាមភូមិ ឃុំ សង្កាត់ ទៅតាមស្ថានភាពស្ថិតិប្រជាពលរដ្ឋ ក្នុងគោលបំណង ធ្វើយ៉ាងណា មកដោះស្រាយ នូវក្តីកង្វល់ និងឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ឲ្យត្រឹមត្រូវ និង សុក្រឹត យុត្តិធម៌ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការផ្តាំផ្ញើ ដល់សមាជិកក្រុមការងារទាំងអស់ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន ពីតួនាទី ភារកិច្ចរបស់ខ្លួន ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន ដើមី្បយកទៅអនុវត្តឲ្យទទួលបាន ជោគជ័យ និង មានប្រសិទ្ធភាពខ្ពស់ ៕
ប៊ុនធឿន (សៀមរាប)