ខេត្តព្រះសីហនុ៖កំពង់ផែថ្មរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលមានទីតាំងស្ថិតភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅតែត្រូវគេឃើញនៅតែបន្តធ្វើសកម្មភាពជាដដែល បើទោះបីជាមានលិខិតចេញពី ឯកឧត្តម អ៊ឹម ឈន់លឹម ប្រធានគណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បញ្ជាឲ្យបញ្ឈប់សកម្មភាព និងរៀបចំទីតាំងនោះឲ្យមានស្ថានភាពដូចដើមវិញក៏ដោយ។
បើតាមលិខិតជូនដំណឹង ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ របស់ ឯកឧត្តម អ៊ឹម ឈន់លឹម បានបញ្ជាក់ថា គណះកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៏តំបន់ឆ្នេរសមុទ្រកម្ពុជា បានទទួលសំណើរក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ខូអិលធីឌី ស្នើរសុំកាន់កាប់ដីឆ្នេរ ចំណីសមុទ្ររបស់រដ្ឋមានក្បាលដី ប្រវែង៤០ម៉ែត្រជម្រៅ១៥ម៉ែត្រ ដល់ឆ្នេរខ្សាច់អូត្រេះខេត្តព្រះសីហនុ ដើម្បីសាងសង់ផែ បំរើអោយការអភិវឌ្ឍន៍កោះរ៉ុង។ ចំពោះសំណើរខាងលើនេះគណះកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៏តំបន់ឆ្នេរសមុទ្រកម្ពុជាពិនិត្យឃើញថា ទីតាំងស្នើរសុំពុំអាចអនុញ្ញាត្តិជូនបានទេ ពីព្រោះរាជរដ្ឋាភិបាល មានគោលការណ៍ ឲ្យរៀបចំឆ្នេរអូត្រេះជាឆ្នេរគំរូ សម្រាប់បំរើវិស័យទេសចរណ៏ និង បរិស្ថានតំបន់ឆ្នេរ ដោយត្រូវធ្វើការបង្កករាល់ ការកសាងលើដីចំណីសមុទ្រនៅទីនេះ ព្រមទាំងត្រូវសិក្សារកវិធានការដើម្បីរុះរើ សំណង់អាណាធិបតេយ្យនៅតាមដីចំណីឆ្នេរនេះចេញ។
ដូចនេះ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ខូអិលធីឌី ត្រូវបញ្ឈប់ការសាងសង់ និងត្រូវរៀបចំទីតាំងឲ្យមានសភាពដូចដើមវិញ ដោយក្រុមហ៊ុនត្រូវសិក្សា រកទីតាំងថ្មី ដែលមានលក្ខណះសមស្រប មិនប៉ះពាល់ដល់បរិស្ថានតំបន់ឆ្នេរខ្សាច់កំសាន្ត សម្រាប់ទេសចរណ៏ និង ត្រូវមានការអនុញ្ញាត្តិជាមុនពីគណះកម្មាធិការជាតិគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជា ទើបអាចដំណើរការកសាងបាន។
តែយ៉ាងណាក៏ដោយ រហូតដល់រសៀលថ្ងៃទី២១ មករា សកម្មភាពសាងសង់ផែរថ្ម របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅតែបន្តយ៉ាងសកម្ម។
ចំពោះបញ្ហានេះ យើងមិនអាចទាក់ទងសុំការបំភ្លឺពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ពាក់ព័ន្ធនឹងការសាងសង់ផែដោយមិនគោរពសេចក្តីជូនដំណឹងរបស់គណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាឡើយតែនឹងព្យាយាមសុំការបំភ្លឺ ចំពោះប្រជាពលរដ្ឋមាត់ដាចនិយាយថា ការបញ្ឈប់សាងសង់ផែថ្មរបស់ឧកញ៉ា គិត ម៉េង ដ៏មានឥទ្ធិពលហាក់ដូចពិបាកបន្តិច៕