កំពង់ឆ្នាំងៈពត៌មានដែលទទួលបានពីប្រជាពលរដ្ឋដែលមានទូកកាណូតប្រកបរបរចិញ្ចឹមជីវិត បានប្រាប់អោយដឹងថា ម្ចាស់ផែកាណូតដរទេសចរណ៍ដើមពោធិ៍ មិនអោយពួកគាត់ចូលចតកាណូតទេ នេះជាទង្វើមួយហាក់បីដូចជាផ្តាច់ការ គ្មានការយោគយល់ឡើយ ។
ពាក់ព័ន្ធករណីនេះគេបានសង្កេតឃើញថា ឃើញក្រុមកាណូតដរ ប្រមាណ៧គ្រឿងទៀត នៅចតនៅមាត់ទន្លេឯផែកំពង់ចម្លងកំពង់ឆ្នាំង-កំពង់លែងទៅវិញ អ្នកបើកកាណូតទេសចណ៍ទាំងនោះ បានប្រាប់ថា ម្ចាស់ផែទេសចរណ៍ថ្មី មិនអោយពួកគាត់ចូលចតដោយក្នុងសៀវភៅបន្ទុកត្រឹមតម្លៃ១៥០០រៀល ទៅ២០០០រៀលប៉ុណ្ណោះ ពួកគាត់អោយរហូត៣០០០រៀល តែគេមិនអោយចូលចតទៀត ។
ទន្ទឹមគ្នានេះផងដែរ ភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាខេត្តកំពង់ឆ្នាំង តាមរយៈទូកទេសចរណ៍ដើរចុះតាមជណ្តើរផែកំពង់ចម្លងជាមួយក្រុមប្រជាពលរដ្ឋកំពុងជញ្ជូនសំភារៈដាក់កាណូតដរ មើលទៅហាក់ដូចមាននៅភាពគ្មានសណ្តាប់ធ្នាប់ ក្នុងចំណោមភ្ញៀវទេសចរណ៍បរទេសទាំងនោះ មានភ្ញៀវខ្លះចេះនិយាយភាសាខ្មែរតិចតួច មាននិយាយថា « អូ! រញ៉េរញ៉ៃ មិនល្អសោះ គ្មានសណ្តាប់ធ្នាប់ » ។
ជុំវិញករណីខាងលើនេះ មតិមួយចំនួនបានអោយដឹងថា ម្ចាស់ផែកាណូតទេសចរណ៍ដើមពោធិ៍គាត់ចង់ក្តោបក្តាប់ទីផ្សារដឹកជញ្ជូនភ្ញៀវទេសចរណ៍ទាំងអស់មិនអោយនរណាចូលរកស៊ីនៅទីនោះបានឡើយ បច្ចុប្បន្ននេះគាត់បានដាក់កាណូតរបស់គាត់បានមួយគ្រឿងហើយ ហើយបន្តដាក់មួយគ្រឿងទៀត ។ប្រភពនេះបានបន្តប្រាប់ថា ម្ចាស់ផែទេសចរណ៍លឺថាជាថ្នាក់ឧត្តមសេនីយ៍ពាក់ផ្កាយ៣ នៅក្រសួងមហាផ្ទៃទៀតផង។
ពាក់ព័ន្ធប្រភពខាងលើនេះ ត្រូវបានអ្នករត់កាណូតទេសចរណ៍បង្ហើបអោយដឹងថា មូលហេតុដែលពួកគាត់មកចតក្រៅផែបែបនេះ ខណៈពួកគាត់មានអាជ្ញាប័ណ្ណដឹកភ្ញៀវទេសចរណ៍ ប៉ុន្តែថៅកែថ្មីមិនអោយពួកគាត់ចតកាណូតក្នុងផែ ខណៈភ្ញៀវទេសចរណ៍អន្តរជាតិក៍ដូចជាភ្ញៀវទេសចរណ៍ជាតិដែលកំពុងត្រូវការពួកគាត់ដោយទូករបស់ពួកគាត់រចនាបែបខ្មែរតាមស្តង់ដារដែលភ្ញៀវទេសចរណ៍នាពេលបច្ចុប្បន្ននេះ ។ ដោយឡែកក្រុមអ្នកបកប្រែនិយាយថាពួកគាត់ចង់បានកាណូតដរដែលមានស្រាប់ហើយមានបទពិសោធន៍ក្នុងការដឹកភ្ញៀវច្រើនឆ្នាំ ។
ពាក់ព័ន្ធករណីនេះ មិនទាន់អាចទំនាក់ទំនងទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីសុំការអត្ថាធិប្បាយនៅឡើយទេ តែព្យាយាមនៅពេលក្រោយ ។