ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ បានបង្ហាញដំណឹង មិនសូវល្អថា ថ្នាក់ដឹកនាំ កំពូលគណបក្ស សង្គ្រោះជាតិ និង គណបក្ស ប្រជាជនកម្ពុជា នឹងមិនអាចជួបគ្នាបានទេ នៅក្នុងពេលឆាប់ៗខាងមុខនេះ។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ឱ្យដឹងថា រហូតមកដល់ពេល នេះ នៅមិនទាន់មានការណាត់ជួបគ្នាទេ។
អ្នកនាំពាក្យគណបក្ស សង្គ្រោះជាតិ បានលើកឡើងថា ទាក់ទងនឹងជំនួបចរចា រវាងថ្នាក់ដឹកនាំ កំពូលគណបក្ស សង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា នោះ លោកគ្មានជំនឿទេ ពីព្រោះលោកកឹម សុខា អញ្ជើញមកដល់ កម្ពុជានៅថ្ងៃទី២៨ ខែមេសា និងលោកសម រង្ស៊ី មកដល់ថ្ងៃទី២៩ ខែមេសា និងម៉្យាងទៀតគណបក្សសង្គ្រោះជាតិ កំពុងតែរៀបចំទិវាពលកម្មពិភពលោក ១ឧសភា និងថ្ងៃទី២ ឧសភា គឺជាថ្ងៃចាប់ផ្តើម នៃការឃោសនាបោះឆ្នោត ដូច្នេះគណបក្សសង្គ្រោះជាតិ រៀបចំធ្វើជាទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ។ លោកបានបញ្ជាក់ថា “ពុំមានជំនឿថា អាចជួបគ្នាបាននៅក្នុងពេលឆាប់ៗ ខាងមុខនេះទេ”។
កាលពីព្រឹកថ្ងៃដដែលនេះ តំណាងគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានអះអាងពីក្តីសង្ឃឹមថា ការចរចា នឹងអាចចាប់ផ្តើមឡើងវិញ ពីក្រុមបច្ចេកទេសគណបក្សទាំងពីរ តាមរយៈការចរចា ក្រៅផ្លូវការ ។
ចំណែកឯកឧត្តម ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានប្រាប់កាសែតក្នុងស្រុកមួយថា តាម រយៈ ភ្នាក់ងារព័ត៌មានរបស់លោកនៅក្រៅប្រទេសបានឱ្យលោកដឹង ថា លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះ ជាតិ បានធ្វើសន្និសីទកាសែតថា រូបលោកនឹងជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្ទាប់ពី លោកត្រឡប់មកកម្ពុជាវិញ ។ ក្នុងជំនួបនោះ លោក សម រង្ស៊ី នឹងនិយាយបញ្ចប់ពីកិច្ចការ ដែលមានពីមុនមកឱ្យ ចប់ សព្វគ្រប់ ដើម្បីរកយុត្តិធម៌ សុខសន្តិភាពជូនប្រទេសជាតិ និងក្នុងបំណងផ្សះផ្សាជាតិ ។
មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា រូបនេះ បានលើកឡើងទៀតថា រូបលោកស្វាគមន៍ឱ្យ មានជំនួបរវាង ថ្នាក់ដឹកនាំសម្តេចតេជោ ហ៊ុន សែន ជាមួយលោក សម រង្ស៊ី និងមានសុទិដ្ឋិនិយម និងជាគោលគំនិតរបស់គណ បក្សប្រជាជនកម្ពុជា ក្នុងការបើកជើងមេឃទូលាយជានិច្ចកាល គឺចង់ធ្វើយ៉ាងណាឱ្យកម្ពុជាមានសុខសន្តិភាព យុត្តិ ធម៌ និងស្រុះស្រួលជាមួយួគ្នា និងចង់ឱ្យធ្វើការជាមួយគ្នាដើម្បីកសាងជាតិជាមួយគ្នា ជាការត្រឹមត្រូវ ។
ទោះជាយ៉ាង ណាក្តី លោក ជាម យៀប មិនបានបញ្ជាក់ច្បាស់លាស់ថា ជំនួបកំពូលរវាង ថ្នាក់ដឹកនាំគណបក្ស ទាំងពីរ កំណត់ថ្ងៃណាមួយជាក់លាក់ឡើយ គ្រាន់តែថា នៅពេលដែលសម្តេចតេជោ នាយករដ្ឋមន្ត្រីត្រឡប់ មកពី បំពេញទស្សន កិច្ចនៅក្រៅប្រទេស ក៏ដូចជាលោក សម រង្ស៊ី ដែរ ។
លោក ជាម យៀប បានលើកឡើងទៀតថា ក្នុងនាមជាសមាជិកក្រុមគណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោត និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន គឺមានតែការចរចាគ្នាទេ ដែលជាគន្លឹះក្នុងការដោះស្រាយ បញ្ហាដែល សេស សល់នៅកម្ពុជាទាំងអស់ នោះបាន ។
មិនអាចយកការធ្វើបាតុកម្មមកដោះស្រាយបញ្ហាដែលនៅសេសសល់នៅ កម្ពុជា ដូចលោក កឹម សុខា អនុប្រធាន គណបក្សសង្គ្រោះជាតិលើកឡើងបានទេ ។ លោកថ្លែងថា ចាប់តាំងពីផ្អាកការចរចា គ្នារវាងក្រុម គណៈកម្មការ ចម្រុះកែ ទម្រង់ការបោះឆ្នោតមក រហូតមកដល់ពេលនេះមិនទាន់មានការជួបពិភាក្សាគ្នាជាផ្លូវការឬ ក្រៅផ្លូវ ការ ណា មួយនៅឡើយទេ ៕