កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមកនេះ ដែលត្រូវជាថ្ងៃសីល ៨រោច ខែមិគសិរ ឆ្នាំមមី សប្ពស័ក ពស ២៥៥៩ នៅឯច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ( ជាំសាង៉ាំ ) ត្រង់ចំណុច ស មានព្រះសង្ឃខ្មែរ និមន្តមកពីទីអារាមនានានៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងព្រះសង្ឃថៃ និមន្តមកពីស្រុក ភូស៊ីង ខេត្តស៊ីសាកេត សារុបចំនួន៨៨អង្គ បាននិមន្តប្រជុំភិក្ខុសង្ឃ និងអង្គនេនដើម្បីទទួលសទ្ធាពីពុទ្ធបរិស័ទ នៅ ក្នុងពិធីរាប់បាត្រមួយ ដែលមិនធ្លាប់មានពីមុនមក សម្រាប់ការឆ្លងឆ្នាំសាកល ឆ្នាំ២០១៥ ឈានចូលឆ្នាំ ២០១៦ ហើយពុទ្ធបរិស័ទ ទាំងសងខាងកម្ពុជា និងថៃ ដែលបានចូលរួមក្នុងពិធីរាប់ បាត្រប្រគេនព្រះសង្ឃនាឱកាសនោះ មានប្រមាណជាជិត ១០០០នាក់ ។
លោកវរសេនីយ៍ឯក ធឿង ធា មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៤១ និង ជាមេបញ្ជាការ វរសេនា តូចលេខ៤១៤ ប្រចាំការក្នុងភូមិសាស្រ្តស្រុកអន្លង់វែង សមរភូមិទិសទី២ នៃយោធភូមិភាគទី៤ ដែលមានវត្ត មានក្នុងពិធីរាប់បាត្រនោះបានឲ្យដឹងថា ៖ ពិធីរាប់បាត្រប្រគេនព្រះសង្ឃ នាពេលនេះ គឺជាការមូលមតិគ្នា រៀបចំឡើងដោយអង្គភាពយោធា ប្រចាំតំបន់ព្រំដែន នៃប្រទេសទាំង២ ( កម្ពុជា-ថៃ ) ដែលខាងអង្គភាព យោធាភាគីកម្ពុជា មានគ្រប់បណ្តាវរសេនាតូចចំណុះឲ្យកងពលតូចថ្មើរជើងលេខ៤១ ចំណែកឯខាងភាគីថៃ គឺមានកងពលលេខ៦ ភូមិន្ទថៃ ប្រចាំទិសទី៣ យោធភូមិភាគទី២ ដឹកនាំដោយលោកមេបញ្ជាការ ( វរសេ នីយ៍ឯក ណាត់ ស៊ីអ៊ីន ) ក្រៅពីនេះ កាន់តែបង្ករឲ្យមានភាពអធឹកអធម ជ្រះថ្លាថែមទៀតនោះ គឺការចូលរួម ពីសំណាក់នៃពុទ្ធបរិស័ទ មកពីមូលដ្ឋាន នៃតំបន់ព្រំដែនទាំងខាងស្រុកអន្លង់វែង និង ស្រុកភូស៊ីង ។
លោកបានបន្តបន្ថែមទៀតថា ៖ អ្វីដែលកំពុងតែកើតមាននៅពេលនេះ វាគឺជាជ្រុងមួយនៃការ អនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងមហិច្ឆតានៃការកសាងព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ជាមួយនិងបណ្តាប្រទេសជិតខាង ។ អ្វីដែលជាការចងចាំរបស់កងយោធពលខេមរភូមិន្ទ នោះគឺរូម បន្តសន្តិភាព របស់សម្តេចតេជោ សែន ដែលបានបង្ហាញគោលដៅយ៉ាងច្បាស់ថា ! ត្រូវការពារ បូរណភាពដែនដីនៃមាតុភូមិអង្គរ មិនឲ្យបាត់បង់សូម្បីតែមួយមីល្លីម៉ែត្រ ត្រូវព្យាយាមអត់ធ្មត់ ប្រែក្លាយសមរភូមិ ប្រយុទ្ធដោយអាវុធ ឲ្យទៅជាសមរភូមិទីផ្សារសេដ្ឋកិច្ច ហើយត្រូវអំណត់តស៊ូ ប្រែក្លាយស្នូរផ្ទុះនៃគ្រាប់អាវុធ ឲ្យទៅជាសម្លេងដូរដន្ត្រី និងសូរស័ព្ទព្រះធម៌ ព្រោះថា សម្លេងផ្ទុះនៃគ្រាប់អាវុធ វាគឺជាសម្លេងផ្ទុះនៃសង្គ្រាម ហើយសង្គ្រាមវាគឺជាសត្រូវ នៃសន្តិភាព ហើយសន្តិភាព ទើបជាប្រភពនៃការអភិវឌ្ឍន៍
រីកចម្រើន សុខដុមរម្មនា នៃមនុស្សជាតិ ៕
ប៊ុនធឿន (សៀមរាប)