ខេត្តស្វាយរៀង ៖ រហូតមកដល់ពេលនេះមានកម្មករកម្មការិនីចំនួន១១នាក់ហើយដែលត្រូវបានតុលាការខេត្តស្វាយរៀងធ្វើការចោទប្រកាន់ជុំវិញករណីបាតុកម្មដែលបង្កឲ្យមានជាហិង្សានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាធេន និងតាយសេងនៅក្រុងបាវិតខេត្តស្វាយរៀងកាលពីថ្ងៃទី១៧និងទី១៨ ខែធ្នូកន្លងទៅនេះបើតាម សមត្ថកិច្ចបានអះអាង ។
មន្ត្រីសម្របសម្រួលរបស់អង្គការលីកាដូប្រចាំខេត្តស្វាយរៀងលោក នុត បូពិណ្ណរ័ត្ន បានប្រាប់អ្នកសារព័ត៌មានថា មានកម្មការិនីម្នាក់ទៀតត្រូវបានចោទប្រកាន់ជុំវិញករណីហិង្សានៅបាវិត ។ កម្មការិនីនោះមានឈ្មោះ ជៅ សាខន និងត្រូវបានតុលាការចោទប្រកាន់ដោយផ្អែកលើភស្ថុតាងជាវីដេអូ។ កម្មការិនី ជៅ សាខន ត្រូវបានតំណាងអយ្យការចោទប្រកាន់៣បទល្មើសរួមមានបទហិង្សាដោយចេតនា បទធ្វើឲ្យខូចខាតដោយចេតនានូវទ្រព្យសម្បត្តិអ្នកដទៃ និងបទញ្ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ កម្មការិនីរូបនេះត្រូវបានចៅក្រមស៊ើបសួរធ្វើការឃុំខ្លួនបណ្តោះអាសន្នកាលពីថ្ងៃទី២៥ ខែធ្នូ៕