ខេត្តសៀមរាបៈឯកឧត្តម ហាក់ ប៊ុនធឿន អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងលោកជំទាវ ហាក់ ស្រីតូច បានដឹកនាំសប្បុរសជនខ្មែរ រស់នៅប្រទេស អូទ្រីស និងប្រទេស កាណាដា ! ចុះមកសួរសុខទុក្ខ និងបាននាំយកអំណោយមួយ ចំនួនមកចែកជួនប្រជាពលរដ្ឋ ! ជាចាស់ជរា និងក្មេងៗក្រីក្រ ចំនួន៩០នាក់ ដែលរស់នៅក្នុង ឃុំកណ្តែក ស្រុកប្រាសាទបាគងខេត្តសៀមរាប នៅរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៥ នាចុងសប្តាហ៍នេះ ។
លោក ខាំ លឿ ប្រធានក្រុបប្រឹក្សាឃុំកណ្តែក បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ហាក់ ប៊ុនធឿន និងលោក ជំទាវ ! ព្រមទាំង សប្បុរសជនខ្មែរ រស់នៅក្រៅប្រទេស ចំពោះទឹកចិត្តដ៏ថ្លៃថ្លា ដែលនាំមកនូវថវិកា ចែកជូន ដល់ប្រជាជន ក្រីក្រ ! នេះគឺជាចលនាមួយក្នុងសង្គម ស្ថិតក្រោមដំបូលតែមួយ ស្របតាមគោលនយោបាយកាត់ បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ។
ឯកឧត្តម ហាក់ ប៊ុនធឿន បានថ្លែងអំណរគុណ ចំពោះលោក ផា សុជាតិ និងភរិយា ជាសប្បុរសជននៅប្រទេសអូទ្រីស និងលោក កាំង លាងខ័ណ្ឌ និងភរិយា ដែលជាសប្បរសជននៅកាណាដា ! ទាំងអស់គ្នាជាក្រុមគ្រួសារដែលមានសទ្ធាជ្រះថ្លា បានបរិច្ចាគទ្រព្យធន ដើម្បីចូលរួមអនុវត្តនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋនៅកម្ពុជា ដែលជាទឹកដីកំណើតរបស់ពួកគាត់ ។
ឯកឧត្តមបានលើកផងដែរ អំពីការអភិវឌ្ឍន៍របស់ ប្រទេសជាតិ ក្រោមមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស និង មានកិច្ច អភិវឌ្ឍន៍រីកចម្រើនទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ។
ឯកឧត្តមបានអំពាវនាវដល់ សប្បុរសជនដែលរស់នៅក្រៅប្រទេស សូមបន្តនូវទឹកចិត្តដ៍ប្រពៃរ និងចិត្តមនុស្សធម៌ដ៏សប្បុរស ជាបន្តទៀត ។ ក្នុងឱកាសនោះ ប្រជាពលរដ្ឋចាស់ជរា ៥៥នាក់ ក្នុងម្នាក់ៗទទួលបាននូវថវិការ ៤ម៉ឺនរៀល និង សារុង១ ចំពោះក្មេងៗ ក្នុងគ្រួសាក្រីក្រ ៣៥នាក់ទៀត ម្នាក់ៗទទួលបាននូវថវិការ ២ម៉ឺនរៀល និងអាវយ៉ឺត១ផងដែរ ៕ ប៊ុនធឿន (សៀមរាប)