ខេត្តសៀមរាប៖ កាលពីព្រឹកថ្ងៃសៅរ៍ ៩កើត ខែ មិគសិរ ឆ្នាំ មមែសប្តស័ក ព.ស២៥៥៩ ត្រូវនឹងថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៥ នាចុងសប្តាហ៍នេះ នៅលើក្តារបែនខាងកើតប្រាសាទតាព្រហ្ម នៃខេត្តសៀមរាប បានរៀបចំធ្វើពិធី បួង សួង សុំនូវសេចក្តីសុខសប្បាយ ពីម្ចាស់ទឹកម្ចាស់ដី និង បារមី អ្នកគង់ប្រថាប់ថែរក្សាការពារនៅគ្រប់ប្រាង្គ នៃ ប្រាសាទទាំងអស់ លើទឹកដីប្រវត្តិសាស្ត្រ ដើមី្បសុំនូវសេចក្តីសុខចម្រើន ជូនដល់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ព្រឹទ្ធសភា ! រដ្ឋសភា ប្រជាពលរដ្ឋ និងមាតុភូមិកម្ពុជា ដែលជាទឹកដីសុវណ្ណភូមិ នៃយើងឲ្យជួបតែសេចក្តីសុខ ចម្រើន ក្នុងឱកាសបុណ្យមហាសង្ឃទានរាប់បាត្រ ! ប្រគេនដល់ព្រះសង្ឃ ចំនួន ៤ពាន់៥០០អង្គ ដើមី្បរំលឹកព្រះ មហាឧបការគុណ និងឧទ្ទិសមហាកុសល ថ្វាយដល់អតីតមហាបុរសខ្មែរ គ្រប់សម័យកាល សំខាន់ បុព្វមហាបុរសខ្មែរ នាសម័យមហានគរ ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួង ! ទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំង ឯកឧត្តម លោកជំទាវ និង អស់លោក លោកស្រីជាភរិយាថ្នាក់ដឹកនាំ មន្ត្រីរាជការ និង ប្រជាពលរដ្ឋផងដែរ ។
បន្ទាប់ពីលោកជំទាវឧបនាយករដ្ឋមន្ត្រី ធ្វើការបូជាទៀន ធូប និង ថ្វាយភួងផ្កាភ្ញី នៅរានអសនៈ រួចមក ក្នុង ពិធីបួងសួងនេះ បានប្រព្រឹត្តធ្វើទៅតាមគន្លងប្រពៃណី ទំនៀមទម្លាប់នៃ ព្រះពុទ្ធសាសនា ព្រះសម្មាសាម្ពុទ្ធ ព្រះ បរមគ្រូ នៃយើងដែលបានគោរព បដិបត្តិ តរៀងមក ។ ក្នុងនោះដែរលោកជំទាវឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តម លោកជំទាវ លោកអាចារ្យក៏បានធ្វើពិធីឧទ្ទិសបួងសួង សូមនូវព្រះបារមីដ៏ស័ក្តសិទ្ធិ ដែលគង់ប្រថាប់ថែរក្សានៅ លើទឹកដីប្រវត្តិសាស្ត្រ អង្គរដ៏បវរនៃយើង ក៏ដូចជានៅក្នុងកម្ពុជាទាំងមូល ព្រមទាំងបារមីព្រះអង្គចេកព្រះអង្គចម លោកយាយទេព តាដំបងដែក លោកតារាជ ព្រះអង្គតូច ព្រះអង្គធំ គង់នៅខ្នងភ្នំគូលែន និង បារមីអរុក្ខអរក្ស អ្នកតាគ្រប់ទិសទី និងទេវតាគង់ថែ រក្សានៅតាមប្រាង្គប្រាសាទនានា នៅលើទឹកដីដ៏ស័ក្តសិទ្ធិ តាមជួយថែរក្សានូវ ថ្នាក់ដឹកនាំប្រទេសកម្ពុជា ព្រមទាំងសូមជួយឲ្យកិច្ចដំណើរការនៃការ ក្នុងពិធីបុណ្យមហាសង្ឃទានរាប់បាត្រ ប្រគេនព្រះសង្ឃចំនួន ៤ពាន់៥០០អង្គ និងបូជាប្រទីបថ្វាយព្រះរតនត្រ័យ នៅលើទឹកដីអង្គរដ៏ស័ក្តិសិទ្ធិ ក្នុងការ សម្តែងនូវភាវៈជាអ្នកគោរព ដឹងគុណ និងធ្វើបដិការកិច្ច ចំពោះបុព្វមហាបុរសរបស់យើងទាំងអស់គ្នា ព្រមទាំង សូមឲ្យព្រះរាជាណាចក្រកម្ពុជា បានជួបនូវតែសុខសន្តិភាព និង មានការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិរីកចម្រើនតទៅអនាគត ៕