ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ២០១៥ ឯកឧត្តម មន្រី្តគ្រប់ស្ថាប័នកងកម្លាំងប្រដាប់អាវុធ រួមទាំងព្រះសង្ឃ និងសិស្ស និស្សិត ព្រមទាំងប្រជាពលរដ្ឋ ប្រមាណ ៣៥០០នាក់ ដែលមានវត្តមានចូលរួម ប្រារព្ធធ្វើមិទ្ទិញ អបអរសាទរខួប អនុស្សាវរីយ៍លើកទី៣៧ថ្ងៃបង្កើត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា២ធ្នូ១៩៧៨ ! ២ធ្នូឆ្នាំ២០១៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ក្រោមអធិបតីភាព
របស់ឯ.ឧ នូ ផល្លា អនុប្រធានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត និង ជាប្រធានក្រុមប្រឹក្សា
ខេត្តសៀមរាប ។
នាឱកាសនោះ ឯ.ឧ នូ ផល្លា បានអាននូវសុន្ទរកថា របស់សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធាន រដ្ឋសភា និង ជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងឱកាសមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍ទី៣៧ ថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ២ធ្នូ ឆ្នាំ១៩៧៨ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បានចារិតជាប់ជានិច្ច នៅក្នុងដួងចិត្តនៃប្រជាជនខ្មែរគ្រប់ៗរូប ។
ដោយផ្អែកលើមូលដ្ឋាននេះហើយ ដែលធ្វើឲ្យប្រជាជនកម្ពុជាយល់ឃើញថា រណសិរ្ស២ធ្នូ គឺ ជាបុព្វការីដ៏មានគុណូបការៈចំពោះជាតិ និង
ប្រជាជនកម្ពុជាស្របទៅនឹងទិសស្លោកជាសច្ចធម៌ប្រវត្តិ សាស្ត្រដែលថា មានថ្ងៃទី២ធ្នូទើបមានថ្ងៃទី៧មករា មានថ្ងៃ៧មករា ទើបមានអ្វីៗមកដល់បច្ចុប្បន្ននេះ ។ ស្មារតីថ្ងៃទី២ធ្នូ ឆ្នាំ១៩៧៨ នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបច្ចុប្បន្នត្រូវបានដូរឈ្មោះជា
រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលជាអង្គការចាត់តាំងមហាជន មួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។
ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្សប្រជាជនគ្រប់ទិសទីបាន ក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គី
ដោយបានទទួលឧបត្ថម្ភយ៉ាងធំធេងពី កងទ័ពស្ម័គ្រចិត្តវៀតណាម និង ការគាំទ្រពីមិត្តភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំ
របបកម្ពុជាប្រជាធិបតេយ្យ រហូតទទួលបានជ័យជំនះដ៏ត្រចេះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលបានបញ្ចប់នូវសម័យកាល
ដ៏ខ្មៅងងឹតបំផុតដែលពុំធ្លាប់មាននៅ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយបានបើកឡើងនូវសករាជថ្មីប្រជាជនកម្ពុជាយើងក៏បាន
ទទួលមកវិញនូវសិទ្ធិសេរីភាព និង ឱកាសដើម្បីស្ដារ និង កសាងអភិវឌ្ឍន៍មាតុភូមិរបស់ខ្លួនឡើងវិញ ដែលនេះគឺជាសច្ចៈធម៌
នេះប្រវត្តិសាស្ត្រ។
ក្នុងសន្ទរកថានោះដែរ ក៏បានគូសបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៣៧ឆ្នាំ បានបង្ហាញនូវសមិទ្ធិផលលើគ្រប់វិស័យ និង ដើមី្បអនុវត្ត ឲ្យបានជោគជ័យ នូវកម្មវិធីនយោបាយអភិវឌ្ឍន៍របស់ជាតិ គឺជាឧត្តមភាពដែលជាមូលដ្ឋានគ្រឹះ ធ្វើឲ្យ យើងមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើមី្បឈានទៅសម្រេចនូវគោលដៅចុងក្រោយ ក្នុងការស្ថាបនាប្រទេសកម្ពុជា មួយ ប្រកបដោយវឌ្ឍនភាពធ្វើឲ្យប្រជាជនយើងរស់នៅ
ក្នុងសុខសន្តិភាព សេរីភាព យុត្តិធម៌ និង ភាពថ្លៃថ្នូរនៅលើ មាតុភូមិរបស់ខ្លួន ។ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានកំពុងបន្តអនុវត្ត យ៉ាងសកម្មនូវយុទ្ធសាស្ត្រចតុកោណដំណាកាលទី៣ ដែលជារបៀបវារៈនៃគោលនយោបាយសេដ្ឋកិច្ចសង្គមរបស់ខ្លួន និង ធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយ ចិរភាព ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ព្រមទាំងលើកកម្កើងនូវនីតិរដ្ឋ សមធម៌ និងយុត្តិធម៌សង្គមដើមី្បលប់បំបាត់នូវរាល់
បាតុភាពល្មើសច្បាប់នានា ។
ក្នុងខ្លឹមសារសុន្ទរកថា ក៏បានគាំទ្រចំពោះកិច្ចខិតខំ ប្រឹង ប្រែង របស់រាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិក្នុងការបង្កើតអង្គជំនុំជំរះ
វិសាមញ្ញនៅក្រោមច្បាប់កម្ពុជា ដើមី្បកាត់ក្តីឧក្រិដ្ឋជនសម្ខាន់ៗនៃរបបកម្ពុជាប្រជាធិបតេយ្យក្នុងការផ្តល់ភាពយុត្តិធម៌សម្រាប់ប្រជាជន
កម្ពុជា ។
ក្នុងនោះដែរក៏មានតំណាងសមាជិក សមាជិការនៃអង្គមិទ្ទិញ បានមានចំណាប់អារម្មណ៍ និង ប្តេជ្ញាចិត្ត គាំទ្រ ស្មារតី២ធ្នូ ក្នុងការឆ្លើយតបចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តម របស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក៏ដូចជា គណបក្សប្រជាជនកម្ពុជា ដែលសម្រេចបានលទ្ធផលយ៉ាងត្រចះត្រចង់ ក្នុងរយៈពេល ៣៧ឆ្នាំកន្លងមកនេះ ៕
ប៊ុនធឿន (សៀមរាប)