ខេត្តត្បូងឃ្មុំ៖ ទោះបីជារាជរដ្ឋាភិបាល បានចេញបទបញ្ជាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើយ៉ាងណាក៏ដោយ ក៏ពួកឧកញ៉ាដូចជា ឧកញ៉ាលឹមប៊ុនណាហៅខ្នារ នៅតែសំរុកដឹកឈើប្រណិតទៅលក់នៅស្រុកយួន ផ្គើននិងអនុសាសន៏
សម្តេចតេជោ ដោយមានមន្រ្តីខិលខូចជួយសំរួល ក្នុងការចរាចរណ៏តាមដងផ្លូវទៀតផង។
ជាក់ស្តែងរថយន្តដឹកឈើប្រណីតចំនួនពីរគ្រឿង បានក្រឡាប់នៅចំណុចពីរផ្សេងគ្នាក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំដែលពួកគេ
បម្រុងដឹកចេញទៅប្រទេសវៀតណាម កាលពីយប់ថ្ងៃទី២៦ និងព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា។ ពលរដ្ឋដែលតាមដានសកម្មភាពនោះយល់ថា អាជ្ញាធរក្ដី មន្ត្រីជំនាញក្ដី បានត្រឹមទៅកត់កំណត់ហេតុ ប៉ុន្តែមិនអាចចាត់វិធានការទប់ស្កាត់បានឡើយ។ បញ្ហានេះពលរដ្ឋបារម្ភថា មិនយូរទេ ព្រៃឈើទាំងមូលនឹងហិនហោចក្នុងពេលឆាប់ៗ មិនខានឡើយ។
ទន្ទឹមនោះ គេឃើញរថយន្តស្ទូចមួយគ្រឿង ទៅស្ទូចឈើចេញពីរថយន្តដែលក្រឡាប់នៅឃុំទ្រៀក ក្បែរច្រកព្រំដែនដូនរ័ត្ន បម្រុងដឹកចេញទៅប្រទេសវៀតណាម មានដាក់ឈ្មោះថាជា ក្រុមហ៊ុនរបស់ឧកញ៉ា លឹម ប៊ុណ្ណា ដែលជាមនុស្សមានឥទ្ធិពលម្នាក់ក្នុងខេត្តត្បូងឃ្មុំ ព្រមទាំងជាឈ្មួញ ល្បីល្បាញខាងរកស៊ីឈើប្រណីតនៅស្រុកខ្មែរទៀតផង ហើយបានឡើងងារជាឧកញ៉ា ក៏ដោយសារមុខរបរឈើទាំងស្របច្បាប់និងមិនស្របច្បាប់ ទើបពលរដ្ឋសន្និដ្ឋានថាជាឈើនោះរបស់ឈ្មោះខ្នារ ចំណែកសមត្ថកិច្ចតែងតែឆ្លើយថាមិនដឹងរហូត។
តាមប្រភពព័តមានឲ្យដឹងថា មិនមែនមានតែរថយន្តពីរគ្រឿងនេះទេ ប៉ុន្តែមានរថយន្តម៉ាក់យីឌុបជាច្រើន
គ្រឿងផ្សេងទៀត បន្តដឹកឈើចេញទៅប្រទេសវៀតណាម ជារៀងរាល់ថ្ងៃ ។
ករណីរថយន្តដឹកឈើក្រឡាប់នៅស្រុកមេមត់ តែងកើតមានជាហូរហែ ប៉ុន្តែឡានចេះតែក្រឡាប់ បង្កគ្រោះថ្នាក់ចរាចរណ៏ជាញឹកញាប់ រីឯឈើនៅតែអាចបន្តដំណើរបាន ទៅដល់គោលដៅដដែល។ ដោយឡែកមន្ត្រីជំនាញ ឬអាជ្ញាធរបានត្រឹមបញ្ជាក់ថា ឈើទាំងនោះមានលិខិតអនុញ្ញាតត្រឹមត្រូវតែប៉ុណ្ណោះ បើទោះបីជាសង្គមស៊ីវិលដែលធ្វើការងាររឿងព្រៃឈើធ្លាប់អះអាងថា គ្មាននរណាម្នាក់ ត្រូវបានរដ្ឋអនុញ្ញាតឱ្យធ្វើអាជីវកម្មឈើឡើយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងដោយសាររថយន្តយ៊ីឌុប ដឹកឈើ ប្រណិតទី១ក្រឡាប់ នៅម៉ោង១០ជាងយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ បណ្ដាលឲ្យ មនុស្សចំនួន២នាក់ បាត់បង់ ជីវិតយ៉ាងខ្លោចផ្សា។
ហើយលុះដល់ម៉ោង០៥:០០នាទីជិតភ្លឺ ឈានចូល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ ចរាចរណ៍ មួយទៀតបានកើតឡើង ដោយរថយន្តយ៊ីឌុបមួយគ្រឿង ផ្សេងទៀតបានក្រឡាប់នៅ ចំណុចភូមិដក់ពរ ឃុំទ្រាក ស្រុកមេមត់ដែរ តែករណីរថយន្ត ក្រឡាប់ដេកផ្ងារជើងចេញ សុទ្ធតែឈើប្រណិតនេះ គឺនៅមានសំណាងជាង រថយន្តទី១ ពោលគឺមិនបង្កឲ្យអ្នកពាក់ព័ន្ធ ក្នុងរថយន្តទទួលរងរបួសអ្វីឡើយ ហើយគេដឹងថាគឺជាឈើរបស់ឧកញ៉ាខ្នារ។
បើតាមសេចក្ដីរាយការណ៍ព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តយីឌុប បើកចុះចំណោទក្នុងល្បឿនលឿន ដូចផ្លេកបន្ទោរនោះ គឺមកពីតៃកុងជាន់ហ្វ្រាំង បណ្ដាលឲ្យឈើប្រណិត ម៉ៃតាប់មុខជ្រុងប្រភេទ សុក្រមស្ទុះរុលទៅមុខ មានល្បឿនមិនចាញ់គ្រាប់មីស៊ីល ហក់ចេញពីទ្រុងរថយន្ត នាំមកជាមួយនៅកាប៊ីនរថយន្ត ផ្កាប់ចេញពីទ្រុងចោលជិត ២០ម៉ែត្រ រីឯឈើវិញស្ទុះទៅបុក យានដ្ឋានយីហោ គឹម ឈាង ជ្រុះពាសពេញមុខផ្ទះ បណ្ដាលឲ្យខូចខាតរថយន្ត តូចចំនួន៤គ្រឿងយ៉ាងធ្ងន់ធ្ងរថែមទៀតផង។
ក្នុងនោះដែរ អ្នកបើកបរឈ្មោះ ប្រាក់ មាញ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានស្លាប់ដោយបានដាច់ខ្លួនជាកំណាត់ៗ និងព្រូឈ្មោះ ចិត្ត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគងមហា ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក៏បានស្លាប់ដែរ។ បច្ចុប្បន្នជនរងគ្រោះ សមត្ថកិច្ចបានប្រគល់សព ឲ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងឈើសុក្រំ សង្កាត់រដ្ឋបាលព្រៃឈើ មេមត់យកទៅរក្សាទុក ហើយកាកសំណល់រថយន្តយ៊ីឌុប កម្លាំងនគរបាលដែនដី ប្រមូលយកទៅទុកនៅ អធិការដ្ឋាននគរបាលស្រុកមេមត់។
តាមសេចក្ដីរាយការណ៍បានបន្តទៀតថា រថយន្តមួយទៀតដែលក្រឡាប់នាពេលទៀបភ្លឺនោះ គេដឹងច្បាស់ថា មានអ្នករត់ការ ចំនួន២នាក់ ម្នាក់ឈ្មោះ ភ័ក្ត្រ និងម្នាក់ទៀតឈ្មោះ ពៅ សក់បាស បានរត់ឆ្លេឆ្លាដូចមាន់ ចង់ពង ញាប់ដៃញាប់ជើង ទូរស័ព្ទចាត់ចែងរករថយន្ត មកស្ទូចយកឈើចេញពីកន្លែងកើតហេតុ ព្រោះអ្នកទាំង២នាក់ ជាដៃស្តាំឧកញ៉ាលឹម ប៊ុនណា និងមានតួនាទី ភារកិច្ចជាអ្នកសម្របសម្រួលផ្លូវ បោះមេជូនសមត្ថកិច្ចពាក់ព័ន្ធ និងសមត្ថកិច្ចជំនាញ ក្នុងការធ្វើចរាចរណ៍ ឈើប្រណិតខុសច្បាប់ ចេញទៅប្រទេសវៀតណាម។
ឧកញ៉ាខ្នារកស៊ីឈើប្រណឹតដុះស្លែ ចាត់តាំងជាប្រពន្ធ័ មានមេការរត់ការតាមដងផ្លូវ ចេះសំរបសំរួលជាមួយមន្រ្តីជំនាញពុករលួយ បំផ្លាញព្រៃឈើដែលជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរបំផុត ហើយមិនដែលត្រូវបានច្បាប់ផន្តន្ទាទោសនោះឡើយ៕