ភ្នំពេញ៖ លោកជា ចំរើន មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ពុំដឹងជាខ្យល់បោកបក់យ៉ាងដូចម្តេច បានសំរេចលាលែងពីបក្សចាស់ ហើយទៅបង្កើតគណបក្សថ្មីឈ្មោះកម្ពុជា សេរីភាព។
លោក ជា ចំរើន បានថ្លែងនៅក្នុងសន្និសីទកាសែតថា មូលហេតុដែលលោកចាកចេញពីគណបក្សប្រជាជនកម្ពុជាដោយសារលោក
ទ្រាំធ្វើជាមនុស្សគ ឬមនុស្សថ្លង់តទៅទៀតលែងបាន។
លោក ជា ចំរើន បាននិយាយក្នុងសន្និសីទកាសែតនៅសណ្ឋាគារសានវ៉េដោយ វាយប្រហារគណបក្សនយោបាយទាំងអស់និងដោយមិន
ចំឈ្មោះថា គណបក្សប្រជាជនកម្ពុជានោះទេ។ លោកថា គណបក្សទាំងអស់នៅកម្ពុជា សុទ្ធតែបក្សពួកនិយម គ្រួសារនិយម ពុករលួយ និងកេងប្រវ័ញ្ចពលរដ្ឋ។
ទន្ទឹមនិងចម្ងល់ជាច្រើនដែលថា ការបង្កើតបក្សថ្មីនោះគឺមានបក្សប្រជាជននៅពីក្រោយខ្នង ដើម្បីបំបែកសម្លេងបក្សប្រឆាំង លោក ជា ចំរើន បានស្បថចំពោះមុខអ្នកកាសែតថា មូលហេតុដែលលោក ចេញពីបក្សចាស់ហើយបង្កើតបក្សថ្មីនេះមិនមែនជាយុទ្ធសាស្រ្តរបស់
គណបក្សប្រជាជនកម្ពុជានោះឡើយ។ លោកថា គណបក្សថ្មីរបស់លោក គ្មានគណបក្សប្រជាជនកម្ពុជានៅពីក្រោយឡើយ។
គេសង្កេតឃើញថា មានបក្សថ្មីចំនួន៣រាប់ទាំងបក្សរបស់លោកជា ចំរើនផង បាននឹងបង្កើតឡើង សំរាប់ការបោះឆ្នោតអាណត្តិក្រោយ តែត្រង់ថាបំបែកសម្លេងឆ្នោតរបស់បក្សកាន់អំណាច និងបក្សប្រឆាំងបានរឺយ៉ាងណានោះវាហាក់ដូចជានៅឆ្ងាយសន្លឹមពេកមុន
នឹងធ្វើការវិនិច្ឆ័យ គេត្រូវរង់ចាំមើលសកម្មភាពរបស់បក្សទាំងនោះសិន៕