រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៥ ចុងសប្តាហ៍នេះ សាលារាជធានីភ្នំពេញ គ្រោងនឹងរៀបចំពិធីបង្សុកូលរំលឹកដល់ដួងវិញ្ញាណក្ខន្ធជនរងគ្រោះ នៅក្នុងឧបទ្ទវហេតុរត់ជាន់គ្នាលើស្ពានពេជ្រ កាលពីថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១០កន្លងមក។
ពិធីនឹងធ្វើឡើងក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដោយមានការរាប់បាត្រ និងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃចំនួន១០៨អង្គ នៅស្តូបក្បែរស្ពាននាគ នៃទីក្រុងកោះពេជ្រ។
ជាមួយសេចក្តីជូនដំណឹងនេះ សាលារាជធានីភ្នំពេញ ក៏បាននិមន្ត យាង និងអញ្ជើញ ពុទ្ធបរិស័ទ ញាតិមិត្តជិតឆ្ងាយ ពិសេសក្រុមគ្រួសារសាច់ញាតិ បងប្អូន នៃជនរងគ្រោះ ចូលរួមពិធីខាងលើនេះ ដោយនាំមកជាមួយនូវទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគសម្រាប់រាប់បាត្រតាមសន្ធាជ្រះថ្លារៀងៗខ្លួន៕