ខេត្តសៀមរាប៖ អង្រឹងចំនួន១១០ និង អាវភ្លៀងចំនួន១១០ទៀត ត្រូវបាននាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងទិសភូមិភាគទី៥ បញ្ជាឲ្យនាំ យកទៅឧបត្ថម្ភជូនដល់ កម្លាំងប្រជាការពារស័្មគ្រចិត្តសង្កាត់ជ្រាវ ក្រុងសៀមរាប នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកានេះ ។
ឧត្តមសេនីយ៍ត្រី ខេង រ៉ា មេបញ្ជការរងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ តំណាងនាយឧត្តមសេនីយ៍ ខេង សុមេធ បាននាំយកអាវភ្លៀង និងអង្រឹងទាំងនេះ ទៅប្រគល់ជូនកម្លាំងប្រជាការពារទាំងនោះដោយផ្ទាល់ ។
ឧត្តមសេនីយ៍ត្រី ខេង រ៉ា តាមការវាយតម្លៃរបស់គណបញ្ជាការឯកភាពខេត្តសៀមរាប លើចលនាប្រឡងប្រណាំង អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព សង្កាត់ជ្រាវ ទទួលបានចំណាត់ថ្នាក់គំរូនិងល្អប្រសើរជាងគេ ក្នុងចំណោម១០០ឃុំសង្កាត់ ទូទាំងខេត្តសៀមរាប ។ លោកក៏បានថ្លៃងសរសើរផងដែរ ចំពោះក្រុម ប្រឹក្សាសង្កាត់ជ្រាវ ដែលបានរៀបចំឡើងនូវកម្លាំងប្រជាការពារ ដែលមានគុណភាព និងសុឆន្ទៈ បំពេញភារកិច្ច ស្ម័គ្រចិត្ត ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម
ក្នុងមូលដ្ឋានរបស់ខ្លួន បានល្អប្រសើរ ។
ជាមួយនឹងការប្រគល់សម្ភារៈបំពាក់ទាំងនោះ ឧត្តមសេនីយ៍ ខេង រ៉ា បានលើកឡើងថា វិបត្តិគ្រឿងញៀន និងបញ្ហាល្បែងស៊ីសងវាគឺជាឧបស័គ្គសម្រាប់ការអនុវត្ត
កម្មវិធីនយោបាយកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ របស់រាជរដ្ឋាភិបាល និងជាមេរោគបង្កឲ្យមានកើតឡើង ភាពអសន្តិសុខក្នុងមូលដ្ឋាន ដូចជាអំពើចោរកម្ម ការកើតឡើងនូវអំពើរហឹង្សាក្នុងគ្រួសារជាដើម ដែលទាំងអស់នេះ វាជាសត្រូវនៃការការអភិវឌ្ឍន៍រីកចម្រើន ។
លោកបានបន្ត ផ្តល់នូវគំនិតដើម្បីអភិវឌ្ឍន៍ សមត្ថភាពកម្លាំងប្រជាការពារ ដោយការផ្តាំផ្ញើថា ប៉ុស្ថិរដ្ឋបាល នគរបាលសង្កាត់ គឺជារៀមច្បងលើកិច្ចការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន រីឯកម្លាំងប្រជាការពារ គឺជាកម្លាំងរបស់ប្រជាពលរដ្ឋស្ម័គ្រចិត្ត ដែលជានិច្ចកាលត្រូវបានត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការ អន្តរា គមន៍ជាមួយប៉ុស្ថិរដ្ឋបាល ។ សេចក្តីរាយការណ៍របស់កម្លាំងប្រជាការពារ គឺមានសារសំខាន់ខ្លាំងណាស់ ដើម្បី ទប់ស្កាត់បានទាន់ពេលវេលា មុននឹងមានហេតុការណ៍អាក្រក់កើតឡើង នៅក្នុងមូលដ្ឋានរបស់ខ្លួន ៕
ប៊ុនធឿន (សៀមរាប )