រាជធានីភ្នំពេញ៖ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ៣នាក់ ដែលបង្ករបួសស្នាមលើអ្នកតំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ ២រូប នៅមុខរដ្ឋសភាជាតិ ទៅតុលាការហើយ ដើម្បីធ្វើការសាកសួរតាមនិតិវិធី ។
គួររំលឹកថា ជនសង្ស័យ៣នាក់បានចេញមកបង្ហាញខ្លួន ចំពោះមុខគណៈកម្មការស្រាវជ្រាវស៊ើបអង្កេត ករណីបង្ករបួសស្នាមលើអ្នកតំណាងរាស្ត្រ របស់ក្រសួងមហាផ្ទៃ កាលពីវេលាម៉ោង ១៦ និង៣០នាទីល្ងាច ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
នៅព្រឹកព្រលឹមថ្ងៃទី៤វិច្ឆិកានេះ ប៉ូលិសក្រសួងមហាផ្ទៃ បាននាំបុរស ៣ នាក់ ដែលបានចេញមកសារភាព ក្នុងរឿងវាយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ២ រូប ឲ្យមានរបួសកាលពីថ្ងៃទី២៦តុលា នាំទៅដល់តុលាការសាលាដំបូងរាជធានីភ្នំពេញ ដែលមានអ្នកសារព័តមានជាច្រើន រង់ចាំយកព័តមាន។អ្វីដែលគេចាប់អារម្មណ៏ គឺជនសង្ស័យទាំងបីនាក់នោះ អមដោយប៉ូលិស តែគ្មានវាយខ្នោះដៃនោះឡើយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីយប់ថ្ងៃទី៣វិច្ឆិកា ឆ្នាំ២០១៥ ថា បុរស ៣ នាក់ បានចេញមកសារភាព កាលពីល្ងាចថ្ងៃអង្គារ ទី៣វិច្ឆិកា ពាក់ព័ន្ធនឹងរឿងបង្កអំពើហិង្សា លើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៦តុលា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសជាលាយលក្ខណ៍អក្សរថា កាលពីម៉ោង ៤ និង ៣០ នាទី ល្ងាចថ្ងៃទី៣វិច្ឆិកា ជនដៃដល់ ដែលបានបង្ករបួសស្នាមលើអ្នកតំណាងរាស្ត្រ ២រូប គឺលោក ញ៉យ ចំរើន និងលោក គង់សភា បានចេញមកបង្ហាញខ្លួនចំពោះមុខ គណៈកម្មការស្រាវជ្រាវស៊ើបអង្កេត ករណីបង្ករបួសស្នាមលើអ្នកតំណាងរាស្ត្ររបស់ក្រសួងមហាផ្ទៃ។ ជនទាំងបីរូប ដែលចូលសារភាពនោះ មានឈ្មោះដូចខាងក្រោម៖ ១ ឈ្មោះ ចាយ សារិទ្ធ ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី២ឈ្មោះ ម៉ៅ ហឿន ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅក្នុងភូមិ៥ ឃុំព្រែកខ្សាយខ ស្រុកពាមរក៍ ខេត្តព្រៃវែង និងទី៣ ឈ្មោះ សុតវណ្ណនី ភេទប្រុស អាយុ ៤៥ ឆ្នាំ មានទីលំនៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងសេចក្តីប្រកាសដដែល អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ថា ដើម្បីអនុវត្តស្របតាមនីតិវិធី គណៈកម្មការស្រាវជ្រាវ ស៊ើបអង្កេត ករណីបង្ករបួសស្នាម លើអ្នកតំណាងរាស្ត្រ នឹងចាត់វិធានការបញ្ជូនជនសារភាពខាងលើ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់។
បុរសទាំងបីនាក់ ដែលបានចេញមុខចូលសារភាពនោះ គឺជាអ្នកដែលវាយលើតំណាងរាស្ត្រ ដោយមានគេថតរូបបាន ហើយបង្ហោះក្នុងបញ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីថ្ងៃកើតហេតុ ថ្ងៃទី២៦តុលា។
បន្ទាប់ពីហេតុការណ៍ បង្កអំពើហិង្សាវាយលើតំណាងរាស្ត្រ ២ រូប ឲ្យរបួស កាលពីថ្ងៃទី២៦តុលា រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការពិសេសមួយ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដើម្បីស្រាវជ្រាវស៊ើបអង្កេតករណីវាយតំណាងរាស្ត្រខាងលើ។
នៅថ្ងៃទី២៨តុលា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ក៏បានប្រកាសបញ្ជាឲ្យប៉ូលិស សមត្ថកិច្ច តាមចាប់ខ្លួនជនបង្កអំពើហិង្សាទាំងនោះ មកផ្តន្ទាទោស ដោយគ្មានការលើកលែង ទោះបីជាជននោះ ជាអ្នកគាំទ្រគណបក្សនយោបាយណា រាប់ទាំងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងគាំទ្ររដ្ឋាភិបាលក៏ដោយ។ ក្នុងសារនយោបាយនោះ សម្តេចហ៊ុនសែន ក៏បានប្រកាសឲ្យជនដៃដល់ ចេញមុខសារភាពផងដែរ៕
ប្រជាពលរដ្ឋកំពុងតាមដានរឿងនេះយ៉ាងខ្លាំង រង់ចាំមើលចំណាត់ការរបស់សាលាដំបូងរាជធានី និងចង់ដឹងតើជនសង្ស័យប្រកបរបរអ្វីបច្ចុប្បន្ននេះ៕