ខេត្តបន្ទាយមានជ័យ ៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និង ជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ និង ទី៥ បានសម្តែងនូវការសោកស្តាយជាទីបំផុត ចំពោះការធ្វើមរណកាល របស់ ឯកឧត្តម ប៉ក់ សាលុយ សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញបំពាក់កម្រងផ្កា បូជាទៀនធូប គោរពវិញ្ញាក្ខ័ន្ធ ក្នុងនាទីចុងក្រោយ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលសពរបស់ឯកឧត្តម ប៉ក់ សាលុយ នឹងត្រូវដង្ហែយកទៅបូជា នាថ្ងៃទី០២ ខែតុលានេះ បន្ទាប់ពីក្រុមគ្រួសារ តម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទាន តាមគន្លងប្រពៃណីព្រះពុទ្ធ សាសនា នៅគេហដ្ឋាននៃសព ភូមិសាលាដែក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
គ្រួសារនៃសពបានឲ្យដឹងថា ឯកឧត្តម ប៉ក់ សាលុយ បានទទួលមរណភាព នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង ១៨ ដោយជម្ងឺគាំងបេះដូង ក្នុងជន្មាយុ ៦៣ឆ្នាំ ។ គ្រួសារនៃសព បានរៀបរាប់ក្នុង មនោសញ្ចេតនាដ៏សោកស្តាយបំផុត ចំពោះមរណភាពនេះ គឺពិតជាមិនអស់ចិត្តនោះឡើយ ក្រុមគ្រួសារនៃសព ព្យាយាមបញ្ជូនអ្នកជម្ងឺ ទៅសង្គ្រោះនៅមន្ទីរពេទ្យនៃប្រទេសថៃ ក៏ប៉ុន្តែវាហួសពេលក្នុងរយៈពេលដ៏ខ្លីបំផុត ។
នាយឧត្តមសេនីយ៍ ខេង សុមេធ ក្នុងនាមតំណាងជួសមុខ នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ នេត សាវឿន និងក្នុងនាមមន្រ្តីនគរបាលជាតិទាំងអស់ បានថ្លែងថា មរណភាពរបស់ឯកឧត្តម ប៉ក់ សាលុយ គឺមិនត្រឹមតែជាការបាត់បង់ឧត្តមស្វាមី បាត់បង់លោកឱពុកដ៏ល្អ និងបាត់បង់ជីតាជាទីគោរព នៃក្រុមគ្រួសារដ៏ មានសុភមង្គលប៉ុណ្ណោះទេ តែគឺជាការបាត់បង់មន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ជាការបាត់បង់ធនធាន មនុស្សដ៏សំខាន់នៃសង្គមជាតិ ដែលធ្លាប់បានបំរើប្រជាជនយ៉ាងសកម្ម អស់រយៈពេលស្ទើរពេញមួយជីវិតរបស់ខ្លួន ។
ជាមួយនឹងការចូលរួមរំលែកទុក្ខនោះ នាយឧត្តមសេនីយ៍ ខេង សុមេធ បាននាំយកបច្ច័យសទ្ធារបស់ នាយឧត្តមសេនីយ៍ នេត សាវឿន ចំនួន ៤លានរៀល ឧបត្ថម្ភជូនគ្រួសារនៃសពផងដែរ ដើម្បីបានចាត់ចែងក្នុងពិធីបុណ្យឈាបនកិច្ច ៕
ប៊ុនធឿន (សៀមរាប)