ខេត្តកោះកុង៖ តាមប្រភពព័តមានឲ្យដឹងថាក្រុមកម្មករអ្នកអូសរទេះទំនិញឆ្លងដែននៅច្រកចាំយាមខេត្តកោះកុងបានត្អូញត្អែថា ពួកខ្លួនអូសរទេះទំនិញគ្រប់ប្រភេទពីថៃ ចូលមកក្នុងស្រុក ដូចជាជង្គង់មាន់ ស្លាបមាន់ ប្រហិត គ្រឿងសម្រុទ និងគ្រឿងបរិភោគ ឧបភោគដទៃទៀត ត្រូវតែបង់លុយអោយមន្ត្រីច្រកជាថ្នូរនិងការអនុញ្ញាត្តឲ្យដឹកចូលពីដីថៃក្នុងមួយរទេះ ចាប់ពី១ម៉ឺនរៀលទៅ៥ម៉ឺនរៀល តាមទំហំរទេះតូចធំអោយមន្ត្រីកាំកុងត្រូល គយនិងនគរបាលដែលធ្វើឲ្យពួកគាត់ស្ទើរតែរកអង្ករច្រកឆ្នាំងមិនបាន។ ចំពោះ អាជីវករ បានម៉ៅទំនិញដឹកតាមរថយន្តចូលត្រូវបង់អោយសមត្ថកិច្ច ៣៥០បាតក្នុងនោះ កាំកុងត្រូល១០០បាត គយ២០០បាត និងនគរបាល៥០បាត។
ប្រភពរាយការណ៏បញ្ជាក់ឱ្យដឹងដែរថា ការទូទាត់លុយ រវាងក្រុមអ្នកអូសរទេះដឹកទំនិញ និងសមត្ថកិច្ចច្រកទ្វារអន្តរជាតិចាំយាម ពេលខ្លះត្រូវបានធ្វើដោយសេរីតាមរបៀបត្រង់ៗតែម្តងដោយប្រាក់ទាំងនោះមិនបានចូលរដ្ឋឡើយ គឺហូរចូលហោប៉ៅពួកមន្ត្រីពុករលួយទាំងអស់។ ទោះបីបែបណាពាក់ព័ន្ធបញ្ហាមិនប្រក្រតីខាងលើ លោកសំចិត្រា អនុប្រធានស្តីទីកាំកុងត្រូលប្រចាំច្រកចាំយាមបានបដិសេធប្រាប់បណ្តាញព័តមានមួយថា ក្រុមរបស់លោក ពុំបានទារលុយពីកម្មករ អូសរទេះទាំងនោះទេ។ ចំណែកទាក់ទងដល់ភ្នាក់ងារកាំកុងត្រូលលើកដៃទទួលលុយ ដែលគេឃើញគ្រប់គ្នានោះ ត្រូវបានលោកបកស្រាយថា គ្រាន់តែជាការលើកលុយសងគេតែប៉ុណ្ណោះ ។
ចំពោះស្ថាប័នផ្សេងទៀត យើងនឹងសុំការបំភ្លឺនៅពេលក្រោយ៕