រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រកាសនឹងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន១០០ខ្នង ក្នុង១ឆ្នំា រយៈពេល៥ឆ្នាំ ពោលគឺគិតចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។ ការជួយសាងសង់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនរបស់សម្តេចតេជោនេះដែរសំដៅធ្វើយ៉ាងណាក្នុងការជួយសម្រាលទុក្ខលំបាក និងលើកកម្ពស់ជីវភាព អតីតយុទ្ធជន និងនិវត្តជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ថ្លែងក្នុងឱកាសមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាមានប្រសាសន៍ថា សម្តេច និងភរិយា នឹងធ្វើផ្ទះជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន១០០ខ្នងក្នុងមួយឆ្នំា ដោយមានរយៈពេល៥ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០២៦ រហូតដល់ឆ្នាំ២០៣០ ដើម្បីជួយសម្រាលទុក្ខលំបាក និងលើកកម្ពស់ជីវភាព អតីតយុទ្ធជន និង និវត្តជនកម្ពុជា ។
សម្ដេចតេជោបានបញ្ជាក់ថា ឆ្នាំ២០២៥នេះ ផ្ទះដែលនឹងត្រូវធ្វើជូនដល់អតីតយុទ្ធជន និងនិវត្តជន គឺមានចំនួន ៥៤០ខ្នងហើយ ដែលអំណោយរបស់សម្តេចតេជោ ១០០ខ្នង និងពីសម្តេច ឯកឧត្តម លោកជំទាវ និងសប្បុរសជននានាផ្សេងទៀតចំនួន ៤៤០ខ្នងផងដែរ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា បន្ទាប់ពីឆ្នាំ២០៣០ រួចហើយនោះ សម្តេចនឹងបន្តពិនិត្យមើលបន្តទៀត សម្រាប់ការជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជននេះផងដែរ៕ ប្រភពអាកាប៉េ