ខេត្តឧត្តរមានជ័យ៖ នៅចុងសប្តាហ៍ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ក្រុមការងារគណៈកម្មការស្រុកអន្លង់វែង បានបើកវេទិការពិគ្រោះ យោបល់ និងរិះរកយន្តការថ្មី ជាមួយសមាជិកសមាជិការ គណបក្សប្រជាជនស្រុកអន្លង់វែង ដែលមានសមាសភាព ចូលរួមដោយ ឯកឧត្តម ព្រុំ ផេង គណកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយស គណបក្ស ប្រជាជនស្រុកអន្លង់វែង ឯកឧត្តម វ៉ាត់ ប៉ារ៉ានីន សមាជិកអចិន្រ្តៃយ៍បក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ និងជាសមា ជិកក្រុមការងារប្រចាំការចុះជួយស្រុកអន្លង់វែង រួមនឹងក្រុមការងារប្រចាំមូលដ្ឋាន ក្នុងស្រុកអន្លង់វែងជាច្រើនរូបទៀត ។
ក្រុមការងារថ្នាក់គណកម្មការ និងក្រុមការងារប្រចាំមូលដ្ឋាន បានធ្វើការពិគ្រោះយោបល់គ្នា លើបញ្ហាចំណុចខ្សោយ ដែលជាបញ្ហាប្រឈម នៅតាមមូលដ្ឋាន ដើម្បធ្វើការកែតម្រូវសំរាប់ ជម្រុញដល់ក្រុមការងារ និងសកម្មជន ប្រចាំការតាមមូលដ្ឋានភូមិឃុំ និងស្រុក ។ ក្នុងនោះដែរ ចំណុចដែលលើកមកអនុវត្ត ដោយឈរលើគោលការបម្រើផលប្រយោជន៍រួម ជាការឆ្លើយតបតាមសំណូមពរនានា របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន វាជាយន្តការរបស់ប្រមុខគណបក្សប្រជាជនកម្ពុជា ។
ឯកឧត្តម ព្រុំ ផេង និងឯកឧត្តម វ៉ាត់ ប៉ារ៉ានីន បានបញ្ជាក់ថា ក្នុងនាមជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា ធ្វើយ៉ាងណាត្រូវអនុវត្តន៍បទបញ្ជាឱ្យបានល្អ ចេះកសាងសាមគ្គីផ្ទៃក្នុងឱ្យបានល្អ ដោយស្រឡាញ់ និងយកចិត្តទុក្ខដាក់ចំពោះប្រជាពលរដ្ឋ ដើម្បីបំពេញតម្រូវការតាមសំណូមពួកគាត់ ដោយមិនប្រកាន់និន្នាការនយោបាយមួយណាឡើយ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា យ៉ាងហោចណាស់ក្នុងសមាជិកម្នាក់ៗត្រូវមានទំនាក់ទំនងល្អនៅតាមមូលដ្ឋាន និង មានគំនិតច្នៃប្រឌិត ចេះគាងគររកជំនួយ ជួយដល់ប្រជាពលរដ្ឋ ដែលមានគ្រោះអាសន្ន នៅក្នុងមូលដ្ឋានរបស់ខ្លួនជាការ ឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ព្រោះវាជាគោលដៅចម្បង ដើម្បីសេចក្តីសុខប្រជាពលរដ្ឋគ្រប់រូប ដែលជាគោលការណ៏រក្សាភូមិឃុំមានសុវត្ថិភាព ។
បន្ទាប់មកឯកឧត្តមក៏បានផ្តាំផ្ញើ ក្រុមការងារចុះជួយមូលដ្ឋានថា រាល់ចំណុចអសកម្មមួយចំនួនត្រូវតែ ធ្វើការកែ តម្រូវឡើងវិញ ដោយចុទៅអនុវត្តផ្ទាល់ តាមមូលដ្ឋាន ឱ្យបានជោគជ័យនៅគ្រប់ទីកន្លែង ៕
ប៊ុនធឿន (សៀមរាប