អន្តរជាតិ ៖ អាជ្ញាធរហ្វីលីពីន បានជម្លៀសមនុស្សរាប់សែននាក់ និងយ៉ាងហោចណាស់ ៣ នាក់ស្លាប់ នៅថ្ងៃសុក្រនេះ ខណៈដែលព្យុះត្រូពិច Bualoi ថ្មីកំពុងវាយប្រហារធ្ងន់ធ្ងរបន្តពីព្យុះទីហ្វុង Ragasa ។
មន្ត្រីការពារជនស៊ីវិលនៅតំបន់ Bicol ភាគខាងត្បូងនៃ Luzon បានឱ្យដឹងថា មនុស្ស ៣ នាក់ ស្លាប់ ដោយសារខ្យល់ព្យុះត្រូពិច Bualoi ដែលកំពុងបោកបក់ទៅទិសខាងលិចឆៀងខាងលិចក្នុងល្បឿន ១១០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។
លោក Bernardo Alejandro មន្ត្រីការពារស៊ីវិល បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ថ្ងៃសុក្រនេះថា រហូតដល់ពេលនេះមានមនុស្សប្រហែល ៤០០,០០០ នាក់ ដែលត្រូវជម្លៀសចេញ។
គួរបញ្ជាក់ថា ហ្វីលីពីន រងការវាយប្រហារដោយខ្យល់ព្យុះត្រូពិច និងព្យុះទីហ្វុងជាមធ្យមចំនួន ២០ ដងក្នុងមួយឆ្នាំ ដែលធ្វើអោយមនុស្សរាប់លាននាក់នៅតំបន់ដែលងាយរងគ្រោះដោយគ្រោះមហន្តរាយស្ថិតក្នុងស្ថានភាពដ៏លំបាក៕