កោះកុង៖ តាមប្រភពព័តមានបានឲ្យដឹងថា កាលពីវេលារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះ មាន ម៉ូតូសេរីថ្មីទំនើបៗប្រមាណជិត៥០គ្រឿង ត្រូវបានក្រុមឈ្មួញ នាំចូល តាមច្រកចាំយាម ដោយមន្ត្រីគយប្រចាំច្រកនេះមិនបានគិតពន្ធទេ តែបែជាចរចាសំរួលជាមួយឈ្មួញអំពីតំលៃនាំចូល ដោយរាប់គ្រឿងនិងមិនចាំបាច់បង់ពន្ធនោះឡើយ ។
ព័តមានខាងលើឲ្យដឹងទៀតថា ម៉ូតូសេរីទំនើបនាំចូលតាមច្រកចាំយាមនាថ្ងៃនោះ គឺបានចូលមកដល់ទឹកដីកម្ពុជា នៅវេលាម៉ោងប្រមាណជិត២រសៀល ហើយក្រុមឈ្មួញបានចូលជួបមន្ត្រីគយប្រចាំច្រក ដើម្បីចរចាអំពីតំលៃក្រៅប្រព័ន្ធច្បាប់ និយាយឲ្យចំគឺមិនបាច់បង់ពន្ធនាំចូល ប៉ុន្តែគ្រាន់តែរាប់ក្បាលម៉ូតូ ហើយបង់លុយចូល ត្រឹមហោប៉ៅមន្ត្រីគយប៉ុណ្ណោះ ដែលជាទម្លាប់ មន្ត្រីគយប្រចាំច្រកនេះធ្លាប់បានអនុវត្ត ជាហូរហែរាប់ឆ្នាំមកហើយ ។
សូមបញ្ជាក់ដែរថា កន្លងមកថ្មីៗនេះ ក្រុមឈ្មួញក៏បាននាំចូលម៉ូតូស៊េរីទំនើបតាមច្រកចាំយាមផងដែរ តែទាំងឈ្មួញទាំងគយបានគំរាមនិងហាម មិនឲ្យអ្នកកាសែតថតនិងសួរពតិមានអ្វីឡើយ។
យើងមិនអាចទាក់ទងបាន និងសុំការបំភ្លឺពីមន្ត្រីគយប្រចាំច្រកចាំយាម ឬ ពីលោកថុងម៉េងហួន ប្រធានសាខាគយប្រចាំខេត្តកោះកុងបាននៅឡើយ តែព្យាយាមសុំការពន្យល់នៅពេលក្រោយ៕