ខេត្តព្រះវិហារ ៖ មេទ័ពកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ បានប្រាប់អនុព័ន្ធយោធា និងមន្រ្តីទូតនានាចំនួន១៣ប្រទេសអំពីហេតុការណ៍ ដែលទាហានថៃចាប់ខ្លួនទាហានកម្ពុជាចំនួន២០នាក់ (រត់រួចម្នាក់ សង្ស័យស្លាប់២នាក់) ក្រោយបទឈប់បាញ់ចូលជាធរមាន។ ការចាប់ខ្លួននេះ នៅពេលទាហានកម្ពុជា ដើរទៅចាប់ដៃគ្នាជាមួយទាហានថៃ នៅសមរភូមិជាំតែ។
តាមការបញ្ជាក់របស់កងទ័ពកម្ពុជា ធ្វើឡើងក្នុងឱកាសដែល មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសនៅកម្ពុជា និងអ្នកពាក់ព័ន្ធទៅពិនិត្យព្រំដែនកម្ពុជា-ថៃ ដើម្បីឃ្លាំមើលទីតាំង និងសភាពការណ៍ជាក់ស្តែង ជុំវិញការអនុវត្តបទឈប់បាញ់ នៅព្រំដែនកម្ពុជា-ថៃ។
កងទ័ពកម្ពុជា បានបញ្ជាក់ប្រាប់អនុព័ន្ធយោធាទាំង១៣ប្រទេសថា នៅពេលបទឈប់បាញ់ចូលជាធរមាន នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ទាហានថៃដំបូងទ្បើយបានបក់ដៃហៅទាហានកម្ពុជាឲ្យទៅថតរូបរួមគ្នាព្រោះមានបទឈប់បាញ់ហើយ ខណទាហានកម្ពុជា ក៏បានដើរទៅចាប់ដៃគ្នាជាមួយទាហានថៃ លុះពេលដើរត្រឡប់មកវិញ ស្រាប់តែទាហានថៃភ្ជង់កាំភ្លើង និងចាប់ខ្លួនទាហានកម្ពុជាតែម្ដង។
បើតាមការអះអាងរបស់មេទ័ពកម្ពុជា រហូតមកទល់រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមទាហានថៃមិនទាន់ដោះលែងទាហានកម្ពុជានៅឡើយទេ។
សូមបញ្ជាក់ថា អនុព័ន្ធយោធានិងអង្គទូតបណ្ដាប្រទេសនានា សារព័ត៌មានជាតិ និង អន្តរជាតិ បានអញ្ជើញមកអង្កេតការអនុវត្តស្មារតីបទឈប់បាញ់រវាងកម្ពុជា ថៃនៅខេត្តព្រះវិហារ។ សូមបញ្ជាក់ជូនថា តំបន់អានសេះស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់កម្ពុជា ដែលកងទ័ពឈរជើងរបស់យើងការពារយ៉ាងរឹងមាំ៕