អន្តរជាតិ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឲ្យដឹងថា យោធារុស្ស៊ី បើកការវាយប្រហារដ៏សាហាវមួយមកលើរដ្ឋធានីគៀវ ក្នុងនោះសម្លាប់មនុស្សយ៉ាងហោចណាស់ ២ នាក់ និងរងរបួស ១៦ នាក់។
លោក Zelensky បាននិយាយថា ការវាយប្រហារនេះប្រើប្រាស់មីស៊ីលចំនួន ១៨ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកប្រហែល ៤០០គ្រឿង ដែលផ្តោតសំខាន់លើរដ្ឋធានីគៀវ តែម្ដង។
លោកបានបន្ថែមថា ការប៉ះទង្គិចគ្នាកើតឡើងរយៈពេល ៣ម៉ោង ខណៈដែលយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចរុស្ស៊ី សម្រុកវាយប្រហារលើរដ្ឋធានីគៀវ។
ទន្ទឹមនោះ អាជ្ញាធរក្រុងគៀវ បានបញ្ជាក់ថា បំណែកនៃយន្តហោះគ្មានមនុស្សបើក ធ្លាក់ពាសពេញទីក្រុង។
គួរបញ្ជាក់ថា នេះជាការវាយប្រហារដ៏ខ្លាំងក្លាលើកដំបូងរបស់រុស្ស៊ីលើអ៊ុយក្រែន ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសជាសាធារណពីការបន្តជំនួយឡើងវិញ សម្រាប់ក្រុងគៀវ៕