ខេត្តសៀមរាប៖ នៅសាលាឆទានស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានបងប្អូនប្រជាពលរដ្ឋ ជាច្រើននាក់ ក្នុងភូមិស្ពានក្អែក បានជួបជុំគ្នាដើម្បីទទួលយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលអាជ្ញាធរមូល ដ្ឋានបានរៀបចំប្រគល់ជូន នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ក្រោមវត្តមានរបស់លោក ខាំ លឿ ប្រធាន ក្រុមប្រឹក្សាឃុំកណ្តែក និងលោក ធ្លក សេដា នាយប៉ុស្តិ៍នគបាលឃុំកណ្តែកផងដែរ ។
លោក ខាំ លឿ ប្រធានក្រុមប្រឹក្សាឃុំកណ្តែកបានឲ្យដឹងថា លើកនេះក្នុងភូមិស្ពានក្អែក ប្រជាពលរដ្ឋចំនួន ៥៨៦ នាក់ ក្នុងនោះភេទស្រីមានចំនួន៣៣០ នាក់ ត្រូវបានទទួលអត្តញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ។
លោកមេឃុំ បានលើកឡើងថា កន្លងមកមានបញ្ហាមួយចំនួន ប្រជាពលរដ្ឋពួកគាត់មិនយល់ពីអត្តសញ្ញាណ ប័ណ្ណ មានសារៈសំខាន់ប៉ុណ្ណានោះទេ ! ដឹងតែប្រើប្រាស់ប៉ុណ្ណោះ រហូតមានពេលខ្លះ ពួកគាត់ចែករំលែកគ្នាប្រើប្រាស់ និងមានខ្លះទៀតឲ្យគេខ្ចីយកទៅបញ្ចាំទៀតផង ។
ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព លោកមេឃុំ បានលើកបង្ហាញពីគោលការណ៍ នៅក្នុងគោលនយោបាយ ឃុំ កណ្តែក ដើម្បីរួមគ្នាអនុវត្តឲ្យបានល្អប្រសើរ ជៀសវាងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជួបបញ្ហាដោយប្រការណាមួយ ។ លោក ខាំ លឿ បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋដែលបានចូលរួមពេលនេះ ត្រូវពាំនាំយកដំណឹងនេះ ដើម្បីបន្តបញ្ជ្រាបការយល់ដឹងដល់បងប្អូនដែលជាសាច់ញ្ញាតិរស់នៅ ជិតខាង ភូមិរបងជាប់គ្នា កុំយកអត្តសញ្ញាណប័ណ្ណគំរូថ្មីនេះ យកទៅបញ្ចាំ ឫឲ្យគេខ្ចីដើម្បីបញ្ចាំ ធ្វើឲ្យឧុសនិតិវធីច្បាប់ មានន័យថា ប្រជាពលរដ្ឋ ឫក៍ហាងបញ្ចាំ និងត្រូវឧុសច្បាប់ដូចគ្នា ហើយមានទោសដូចគ្នា ។
ប្រជាពលរដ្ឋភូមិស្ពានក្អែក បានសាទរចំពោះចំណាត់ការណែនាំរបស់អាជ្ញធរឃុំ ព្រោះវាជាការចូលរួម យ៉ាងសស្រាក់សស្រាំតាមរយៈនៃ សកម្មភាពប្រជាពលរដ្ឋ រួមសហការជាមួយអាជ្ញាធរមូលដ្ឋានផងដែរ ៕
ប៊ុន ធឿន ( សៀមរាប )