ខេត្តកំពង់ធំ៖ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងជាប្រធានលេខាធិការដ្ឋានថ្នាក់ខេត្ត បន្ទាប់ពីបានស្តាប់នូវហេតុផល ដែលខាងជំនាញរដ្ឋបាលព្រៃឈើ ប៉ូលីស ប៉េអ៊ឹម និងអភិបាលស្រុក លើកឡើងរួចមក ឯកឧត្តមស្នើសុំឲ្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចាត់មន្ត្រីចុះជួយសហការ ទប់ស្កាត់បទល្មើសព្រៃឈើក្នុងខេត្តកំពង់ធំ។
កន្លងមកសកម្មភាពនៃការបង្ក្រាប បទល្មើសព្រៃឈើក្នុងខេត្ត មានភាពអណាធិបតេយ្យ ដោយសារតែមានកំលាំងសមត្ថកិច្ច ជំនាញរដ្ឋបាលព្រៃឈើ និងកងកំលាំងប្រដាប់អាវុធ មួយចំនួនបានធ្វើសកម្មភាពដេញចាប់ បង្ក្រាបបទល្មើស ចំណែកខ្លួនឯងរកស៊ីជួញដូរឈើខុសច្បាប់!ចាប់ក៏ចាប់!និយាយមិនស្តាប់!។
ម្យ៉ាងវិញទៀត នៅពេលដែលបង្ក្រាបបទល្មើសបានម្តងៗ នាំគ្នាលួចយកស្ទើតែអស់ពីរថយន្ត ហេតុដូចនេះបានជា ឯកឧត្តមមិនគាំទ្រសកម្មភាពនេះ ហើយចាប់ពីថ្ងៃនេះតទៅ ឯកឧត្តមដាក់បទបញ្ជាដាច់ខាត មិនឲ្យដេញបង្ក្រាបបទល្មើសនៅក្នុងក្រុងស្ទឹងសែនឡើយ! បើអស់លោកពិតជា មានមនៈសិការ សូមនាំគ្នាចេញទៅធ្វើការបង្ក្រាបនៅខាងក្រៅក្រុង ដើម្បីកុំឲ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាចដល់ប្រជាពលរដ្ឋ និងបង្ករគ្រោះថ្នាក់ចរាចរណ៏នៅក្នុងក្រុង។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៏យ៉ាងដូច្នេះនៅក្នុងសាលប្រជុំខេត្ត កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ក្នុងពិធីផ្សព្វផ្សាយ និងពង្រឹងការអនុវត្តន៏ បទបញ្ជាលេខ០២បប របស់រាជរដ្ឋាភិបាល ស្តីពីវិធានការបង្ការទប់ស្កាត់ ការបង្ក្រាបការកាប់ ការដឹកជញ្ជូន ការប្រមូល ការស្តុកទុក និងការនាំចេញឈើក្រញូងខុសច្បាប់។
ក្នុងឱកាសនេះដែរ ឯកឧត្តម ម៉ាន សុគ្រី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន ក្រុមជំនួយការលេខាធិការដ្ឋានអចន្ត្រៃយ៏ថ្នាក់ជាតិ មានប្រសាសន៏ថា !ចាប់ពីថ្ងៃនេះតទៅ យើងត្រូវតែរួមគ្នាអនុវត្ត នូវបទបញ្ជាលេខ០២ប.ប របស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមមានប្រសាសន៏ ដោយសង្កត់ធ្ងន់ថា !ចាប់ពីពេលនេះទៅសូមឲ្យអស់លោក ដកខ្លួនចេញឲ្យឆ្ងាយពីបទល្មើស!ត្រូវលុបបំបាត់ឲ្យអស់នៅវប្បធម៌អន្តរាគមន៏នេះ បើមាន ទោះបីជាអ្នកធំប៉ុនណាក៏ដោយ !សូមឲ្យកត់ឈ្មោះ ឋានៈ និង តួនាទីឲ្យបានច្បាស់លាស់ រួចធ្វើរបាយការណ៏ទៅកាន់លេខាធិការដ្ឋានថ្នាក់ជាតិ ដើម្បីមានវិធានការជាបន្ទាន់ ចំពោះបុគ្គល់នោះ។